FIFA បានចាប់ផ្តើមការស៊ើបអង្កេតអំពីរបៀបដែលបុគ្គលទទួលបាន “ការចូលទីលានដោយមិនសមហេតុផល” ទៅកាន់ទីលានបន្ទាប់ពីការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រដោយឃើញរូបភាព និងវីដេអូរបស់មេចុងភៅដ៏ល្បីជនជាតិទួរគី Nusret Gokce អបអរជាមួយកីឡាករអាហ្សង់ទីនបានចែកចាយនៅលើបណ្តាញសង្គម។
Gokce ដែលជាម្ចាស់ភោជនីយដ្ឋានជាច្រើន និងត្រូវបានគេស្គាល់ថា ជា ‘Salt Bae‘ សម្រាប់ស្ទីលរោយអំបិលលើម្ហូប ឬសាច់អាំងរបស់គាត់បានបង្ហោះវីដេអូ និងរូបថតនៅលើទំព័រ Instagram របស់គាត់ជាមួយនឹងកីឡាករអាហ្សង់ទីន បន្ទាប់ពីពួកគេយកឈ្នះបារាំងក្នុងវគ្គផ្តាច់ព្រ័ត្រ។
គាត់ក៏ត្រូវបានគេថតរូបកាន់ពានរង្វាន់ World Cup ផងដែរ។ យោងតាមគេហទំព័ររបស់ FIFA ពានរង្វាន់អាចត្រូវបានប៉ះដោយ “ក្រុមមនុស្សជ្រើសរើសច្រើន” រួមទាំងអតីតអ្នកឈ្នះ និងប្រមុខរដ្ឋ។ វីដេអូដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក៏បានបង្ហាញពីមេចុងភៅGokce ចាប់ដៃរបស់ Lionel Messi ក្នុងការប៉ុនប៉ងដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រធានក្រុមអាហ្សង់ទីន។
ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីការពិនិត្យឡើងវិញ FIFA បាននិងកំពុងបង្កើតពីរបៀបដែលបុគ្គលទទួលបានសិទ្ធិចូលទីលានដោយមិនសមរម្យបន្ទាប់ពីពិធីបិទនៅកីឡដ្ឋាន Lusail កាលពីថ្ងៃទី១៨ ខែធ្នូ” ។
Gokce បានក្លាយជាមេចុងភៅល្បីនៅលើបណ្តាញសង្គមក្នុងឆ្នាំ២០១៧ បន្ទាប់ពីបានបង្ហោះវីដេអូដែលគាត់ខ្លួនឯងប្រឡាក់សាច់ជាមួយនឹងក្បាច់លើកដៃរោយអំបិលពីលើសាច់នោះ។ គាត់មានអ្នកតាមដានក្នុងInstagram ជិត៥០លាននាក់ ហើយបានជួយបើកភោជនីយដ្ឋាន Nusr-Et ដែលគិតប្រាក់រាប់រយដុល្លារសម្រាប់ការកាត់សាច់មួយចំនួននៅក្នុងទីតាំងមួយចំនួននៅទូទាំងពិភពលោក។
ភោជនីយដ្ឋានមួយនេះត្រូវបានគេថតរូបជាមួយកីឡាករបាល់ទាត់ជាច្រើននាក់ និងតារាល្បីៗផ្សេងទៀតនៅភោជនីយដ្ឋានរបស់គាត់រួមមាន Robert Lewandowski និង Kylian Mbappe។ គាត់បានបង្ហោះវីដេអូនៃការជួបគ្នាមុនជាមួយ Messi នៅលើ Instagram របស់គាត់កាលពីដើមសប្តាហ៍នេះផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/CNA)