ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០២២-២០២៣) និងដើមរដូវវស្សា ឆ្នាំ២០២៣។
យោងតាមការវិវត្តអាកាសធាតុជាសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាប អំពីស្ថានភាពអាកាសធាតុ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០២៣ ដូចខាងក្រោម ៖
១- បាតុភូតសកល ៖
ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក នៅក្នុងតំបន់អេក្វាទ័រ បានបង្ហាញឲ្យឃើញថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងនូវឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) ២០% និងបាតុភូតអែនសូ (ENSO) ៨០% ជាបាតុភូតអន្តរកាលនៅចន្លោះរវាងឡានីណា (La Nina) និងអែលនីណូ (El Nino) ។
២- រដូវប្រាំង ៖
២.១- សីតុណ្ហភាព ៖
សីតុណ្ហភាព មានកម្រិតទាប ឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ
– ខែមករា ៖ បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល សីតុណ្ហភាពមធ្យមអប្បបរមា ១៨ºC និងមធ្យមអតិបរមា ២៩ºC ។ នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន្ត សីតុណ្ហភាព អប្បបរមា អាចចុះមកក្នុងរង្វង់ពី ១៥-១៧ºC
– ខែកុម្ភៈ ដល់ខែមីនា ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២០ ºC និងមធ្យមអតិបរមា ៣៣ºC
– ខែមេសា ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤ºC និងមធ្យមអតិបរមា ៣៦ºC ។ កម្រិត សីតុណ្ហភាពអតិបរមាអាចនឹងកើនឡើងដល់ ៣៩ºC ។
២.២- ទឹកភ្លៀង ៖
បរិមាណទឹកភ្លៀងអាចនឹងស្មើនឹងកម្រិតមធ្យមភាគច្រើនឆ្នាំ ប៉ុន្តែតិចជាងឆ្នាំ ២០២២
– នៅក្នុងខែមីនា និងមេសា នឹងអាចមានភ្លៀងកក់ខែធ្លាក់ក្នុងកម្រិត ពីតិចទៅបង្គួរ ទន្ទឹមនោះក៏មានការកើតឡើងនូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ច្រើនផងដែរ ។
៣- ដើមរដូវវស្សា ៖
– រដូវវស្សាឆ្នាំ ២០២៣ នៅទូទាំងប្រទេស អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា។ ដោយឡែកតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី ១ នៃខែឧសភា ។
– ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អជាបង្គួរ ជាមួយនឹងបរិមាណទឹកភ្លៀង ក្នុងកម្រិត ពីតិចទៅបង្គួរ លាយឡំជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ច្រើន ។
បើទោះបីនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាអាចនឹងមានភ្លៀងកក់ខែច្រើនបង្គួរ តែបរិមាណ ទឹកភ្លៀងដែលធ្លាក់មកមិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ ។ អាស្រ័យហេតុនេះ សូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក៕
ដោយ៖ស តារា