នៅក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន រុស្ស៊ីបានប្រើប្រាស់គ្រាប់រំសេវជាច្រើន។ ដូច្នេះតម្រូវការផលិតអាវុធគ្រាប់រំសេវគឺជារឿងចាំបាច់បំផុត ។ នៅថ្ងៃទី២៣ខែធ្នូ លោកពូទីន បានធ្វើទស្សនកិច្ចរោងចក្រផលិតអាវុធនៅក្នុងតំបន់ Tula ដោយប្រកាសផ្តល់អាទិភាព ដល់វិស័យឧស្សាហកម្មការពារជាតិ នៅក្នុងឆ្នាំ២០២៣។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀរ ពូទីន បានប្រាប់ឱ្យក្រុមថ្នាក់ដឹកនាំនៃវិស័យឧស្សាហកម្មការពារជាតិរបស់ប្រទេសរុស្ស៉ី បង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីធានាថាកងទ័ពរុស្ស៉ីទទួលបានឆាប់រហ័សនូវរាល់សព្វាវុធ សម្ភារ និងឧបករណ៍យោធាផ្សេងៗដែលពួកគេត្រូវការជាចាំបាច់ដើម្បីប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន។
ក្នុងពេលបំពេញទស្សនកិច្ចកាលពីថ្ងៃសុក្រទៅកាន់ទីក្រុងទូឡា (Tula) ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មផលិតសព្វាវុធ លោកប្រធានាធិបតីរុស្ស៉ីបានលើកឡើងដូច្នេះថា «តួនាទីគន្លឹះដ៏សំខាន់បំផុតនៃឧស្សាហកម្មយោធារបស់យើង គឺធ្វើយ៉ាងណាផ្តល់ឱ្យកងទ័ពជួរមុខនូវអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ ដូចជាអាវុធ គ្រឿងបរិក្ខារ គ្រាប់រំសេវ និងសម្ភារផ្សេងៗក្នុងចំនួនគ្រប់គ្រាន់និងមានគុណភាពត្រឹមត្រូវ ហើយនៅក្នុងរយៈពេលខ្លីតាមតែអាចទៅរួច»។
កាលពីប៉ុន្មានថ្ងៃមុន លោកពូទីន បាននិយាយថា កងទ័ពរុស្ស៉ីត្រូវតែរៀនសូត្រពីបទពិសោធន៍ និងកែតម្រូវបញ្ហាដែលខ្លួនបានទទួលរង នៅអ៊ុយក្រែន ជាមួយការសន្យាថានឹងផ្តល់អ្វីៗដែលពួកគេត្រូវការ ដើម្បីបន្តសង្រ្គាមដែលបានអូសបន្លាយជាង១០ខែមកហើយនេះ។ មកទល់ឥឡូវ រុស្ស៉ីបានបាត់បង់មួយផ្នែកធំនៃទឹកដីអ៊ុយក្រែន ដែលខ្លួនដណ្តើមកាន់កាប់បានអំឡុងពេលបើកការឈ្លានពានដំបូង។
លើកចុងក្រោយដែលទីក្រុងមូស្គូ បានប្រកាសជាសាធារណៈអំពីចំនួនកងទ័ពរុស្ស៉ី ដែលបានស្លាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន គឺកាលពីថ្ងៃទី២១ ខែកញ្ញា ដោយនិយាយថា ទាហានត្រឹម៥,៩៣៧នាក់ប៉ុណ្ណោះ បានបាត់បង់ជីវិត។ យ៉ាងណាមិញ បើតាមការប៉ាន់ស្មានរបស់ប្រមុខមេទ័ពអាមេរិក កាលពីថ្ងៃទី៩ ខែវិច្ឆិកា គឺរុស្ស៉ីនិងអ៊ុយក្រែនទំនងជាមានទាហានស្លាប់ឬរបួសលើស១០០,០០០នាក់ដូចគ្នា ដោយសារសង្រ្គាម៕
ដោយ៖ ធីរីណា(រូបថត ៖ EPA-EFE)