ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពី “សិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលនៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍” (TCBP)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី “សិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលនៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍” (TCBP) ដោយបញ្ជាក់ថា, នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្រសួងទេសចរណ៍ និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលនៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្ម ក្នុងវិស័យទេសចរណ៍” (TCBP) ក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍, លោក ហ្សាក់ បុឺឡេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោកស្រី សង់ឌីន ប៊ូស នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បចាំកម្ពុជា ។

នាឱកាសសិក្ខាសាលាផ្សព្វផ្សាយនេះ លោករដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ ថា ក្រោយការដាក់ឱ្យអនុវត្តអស់រយៈពេលជាង ៤ឆ្នាំ កន្លងមកនេះ លោកមើលឃើញមានសមិទ្ធផល សំខាន់ៗជាច្រើនដែលត្រូវបានសម្រេចក្រោមក្របខណ្ឌនៃកម្មវិធីដែលបានចូលរួមជាផ្លែផ្កាដល់ការ អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេសអំឡុងពេលទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់មានពី វិបត្តិជំងឺកូវីដ-១៩ – សកម្មភាពជាច្រើនរបស់ TCBP ត្រូវបានបង្វែរមកចូលរួមដល់ការខិតខំស្តារ និង ជំរុញកំណើនទេសចរណ៍ឡើងវិញពីវិបត្តិ ស្របតាមការចង្អុលបង្ហាញនៅក្នុង «ផែនទីចង្អុលផ្លូវស្តីពី ផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩“។

លោករដ្ឋមន្ត្រី បានរំលឹកដែរថា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានផ្ដល់ ហិរញ្ញប្បទានឥណទាន ក្នុងទំហំទឹកប្រាក់ចំនួន ១១លានអឺរ៉ូ សម្រាប់សាងសង់សាលាជាតិវិជ្ជាជីវៈ ទេសចរណ៍ ចំនួន២ទីតាំង នៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ដែលបានប្រារព្ធពិធីបើក ការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ការផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់ការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) នេះ ផ្សារភ្ជាប់ នឹងគម្រោងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ គឺជាសក្ខីភាពដ៏សំខាន់មួយទៀតនៃការគាំទ្រ របស់បារាំង ដើម្បីភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា។

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតបារាំង បានចាត់ទុកការអនុវត្តគម្រោងទាំងឡាយនេះថា ជាសក្ខីភាពមួយទៀតនៃការចូលរួមរបស់ប្រទេសបារាំងក្នុងការជួយដល់វិស័យសេដ្ឋកិច្ច សង្គមរបស់ប្រទេសកម្ពុជា។

លោក ហ្សាក់ បុឺឡេ ជឿជាក់ថា ផ្លែផ្កានៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្ម ក្នុងវិស័យទេសចរណ៍ (TCBP) នេះ នឹងជួយបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ទេសចរណ៍មូលដ្ឋាន និងជួយផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារពិភពលោក កាន់តែទូលំទូលាយ ដែលជាប្រយោជន៍ឆ្ពោះទៅការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជានាពេលខាងមុខ។

ជាមួយគ្នានេះ លោក អាំង សុវណ្ណរ័ត្ន អគ្គនាយករងនៃក្រសួងទេសចរណ៍ និងជានាយក កម្មវិធី TCBP បានឱ្យដឹងថា កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) បាន ចាប់ផ្តើមអនុវត្តចាប់ពីពាក់កណ្ដាលឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ពោលគឺមានរយៈពេល៤ឆ្នាំកន្លះ ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា ដោយមានការចូលរួមធាតុចូល និងសម្របសម្រួលពីអគ្គនាយកដ្ឋានវិទ្យាស្ថានជាតិ និងនាយកដ្ឋាន ជំនាញពាក់ព័ន្ធចំណុះឱ្យក្រសួងទេសចរណ៍ ការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងរដ្ឋបាលរាជធានី-ខេត្ត ការចូលរួមពីវិស័យឯកជន និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត។

លោក អាំង សុវណ្ណរ័ត្ន បានបន្តថា ជាលទ្ធផល កម្មវិធី TCBP នេះបានអនុវត្តលើសកម្មភាព ចំបងៗ ចំនួន១៨ ដែលផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពក្រសួងទេសចរណ៍ ក្នុងការអនុវត្តគោល នយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា, ការពង្រឹងសមត្ថភាពវិស័យឯកជន ក្នុងវិស័យទេសចរណ៍, ការសិក្សាស្រាវជ្រាវ និងការអនុវត្តគម្រោងគំរូ។

គួរបញ្ជាក់ផងដែរថា ក្រោមក្របខណ្ឌនៃកម្មវិធី TCBP បានអនុវត្តសកម្មភាពជាច្រើន ដូចជា៖ ការសិក្សាស្រាវជ្រាវជាច្រើន ដែលត្រូវយកមកប្រើប្រាស់ជាមូលដ្ឋាន សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត អភិវឌ្ឍន៍ទេសចរណ៍ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងនៅតាមគោលដៅទេសចរណ៍សំខាន់ៗ, ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យា គាំទ្រដល់ការកសាងទេសចរណ៍ឆ្លាតនៅកម្ពុជា, សកម្មភាពគាំទ្រផ្នែកច្បាប់ ដែលបានសិក្សាអំពីលក្ខខណ្ឌតម្រូវផ្នែកច្បាប់ រួមជាមួយការរៀបចំក្រមសីលធម៌វិជ្ជាជីវៈ និងក្រម ប្រតិបត្តិវិជ្ជាជីវៈ សម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ និងសមាគមឧស្សាហកម្មទេសចរណ៍ ដែលចូលរួម ដល់ការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍កម្ពុជា និងតម្រង់ទិសការប្រកបវិជ្ជាជីវៈទេសចរណ៍, ការបណ្តុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីទេសចរណ៍ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមនឹងបុគ្គលិក សមាគមឧស្សាហកម្មទេសចរណ៍ លើមុខជំនាញចាំបាច់ ស្របតាមតម្រូវការការងារ ការដាក់ចេញ យុទ្ធនាការឃោសនាផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍ក្រៅប្រទេស ដូចជាការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលទៅកាន់ទីផ្សារអឺរ៉ុប ទាំងក្រុមប្រទេសនិយាយភាសាអង់គ្លេស និង ក្រុមប្រទេសនិយាយភាសាបារាំង ព្រមទាំងបានផលិតជាសម្ភារផ្សព្វផ្សាយដែលមានទាំងទម្រង់ឌីជីថល និងការបោះពុម្ភផ្សាយសម្រាប់ដាក់នៅតាមមណ្ឌលព័ត៌មាន និងការតាំងពិព័រណ៍ផ្សេងៗនៅក្នុងនិង ក្រៅប្រទេស, ការសិក្សាលើការពង្រឹងរចនាសម្ព័ន្ធវិស័យឯកជន និងកិច្ចសន្ទនារដ្ឋ-ឯកជន ជាដើម ៕

ដោយ ៖ សិលា


ចែករំលែក៖