ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា កងកម្លាំងរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានមកធ្វើការសាកល្បងត្រៀមធ្វើសមយុទ្ធ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ដែលស្ថិតនៅ អគារស្ថាបនា តាមបណ្តោយមហាាវិធីផ្លូវព្រះនរោត្ដម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ 🚒🚒។
សូមជម្រាបជូនថា ដេីម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់អគ្គិភ័យជាយថាហេតុ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានរៀបចំក្រុមការងារជំនាញសហការជាមួយនឹងស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ អេង សាវឿន លោកឧត្ដមសេនីយ៍ត្រី ជា ចន្ធូ ជាអនុប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នឹងសហការី បានធ្វើការចុះផ្សព្វផ្សាយអប់រំច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការងារបង្ការពន្លត់អគ្គិភ័យ តាមបណ្ដាគោលដៅងាយរងគ្រោះ មានដូចជា៖ រោងចក្រ សហគ្រាស ឃ្លាំងស្តុកប្រេងឥន្ធនៈ ឃ្លាំងស្តុកហ្គាស-ឧស្ម័នចំហេះ ក្រុមហ៊ុនដឹកទំនិញ ក្រុមហ៊ុនដឹកអ្នកដំណើរ និងក្រុមហ៊ុនជលយាន្តដឹកអ្នកដំណើរទេសចរណ៍តាមដងទន្លេ ដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់គោលដៅទាំងអស់។
គួរបញ្ជាក់ដែរថា កងកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ កន្លងទៅថ្មីៗនេះក៏បានចុះបង្ហាត់បង្រៀនអំពីវិធានការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបឋម ដូចខាងក្រោម៖
១- ទ្រឹះស្តីទូទៅអំពីអគ្គិភ័យ ។
២- អំពីរបៀបប្រើប្រាស់ពិនិត្យមើលគុណភាព និងរក្សាទុកបំពង់ពន្លត់អគ្គិភ័យ ។
៣- អំពីរបៀបជម្លៀសខ្លួន និងសង្រ្គោះជនរងគ្រោះចេញពីកន្លែងកើតហេតុ ។
៤- អំពីប្រកាសលេខ ២៦៤៤ ប្រក ស្តីពីការបង្កើតនិងការគ្រប់គ្រង់ក្រុមពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមពន្លត់អគ្គិភ័យស័្មគ្រចិត្ត ដល់បុគ្គលិករោងចក្រផងដែរ៕
ដោយ៖សហការី