ព័ត៌មានទាន់ហេតុការណ៍៖

សមត្តកិច្ចចម្រុះចុះអនុវត្តន៍ធ្វើតេស្តទឹកនោមលើអ្នកបើកបរតាមដងផ្លូវ រកឃើញសារធាតុញៀនអ្នកបើកបររថយន្ត១៧នាក់ ក្នុងចំណោម៤៦នាក់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ សមត្តកិច្ចចម្រុះចុះពិនិត្យនិងឃាត់អ្នកបើកបររថយន្តតាមដងផ្លូវដើម្បីធ្វើតេស្តទឹកនោម ដើម្បីបន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅលើបណ្ដោយផ្លូវ ដែលជារឿយៗតែងបង្កឡើងដោយអ្នកបើកបររថយន្តដឹកទំនិញ រថយន្តឈ្នួល ខណ:ដែលគេសង្ស័យថា អ្នកបើកបរទាំងនោះភាគច្រើនគឺសេពគ្រឿងស្រវឹង និងគ្រឿងញៀន ជាពិសេសអ្នកបើកបររថយន្តខ្នាតយក្សតែម្តង។ 

ដោយមានការយកចិត្តទុកដាក់ពីលោក ស្រីអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានចាត់ឱ្យលោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន ដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលស្នងការខេត្ត និងមន្រ្តីកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចអាជ្ញាធរជាតិប្រយុទ្ធនឹងញ្រឿងញៀន ចុះធ្វើតេស្តទឹកនោម ស្វែងរកសារធាតុញៀន ទៅលើអ្នកបើកបររថយន្តគ្រប់ប្រភេទនិងម៉ូតូតាមដងផ្លូវ ក្នុងនោះបានធ្វើឡើងចំនួន២គោលដៅ គឺស្ថិតនៅក្នុងក្រុងប៉ៃលិន១កន្លែង និងស្រុកសាលាក្រៅ១កន្លែង។ 

បើតាមការរៀបរាប់ពីលោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ដើម្បីរក្សាសុវត្ថិភាពចរាចរណ៍នៅលើដងផ្លូវជាតិលេខ៥៧ ក៏ដូចជាតាមដងផ្លូវនានាក្នុងខេត្តប៉ៃលិន លោកស្រីអភិបាលខេត្តប៉ៃលិន បានណែនាំឱ្យលោកដឹកនាំមន្រ្តីក្រោមឱវាទ និងកម្លាំងសមត្ថកិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះធ្វើតេស្តទឹកនោមភ្លាមៗ ព្រោះកន្លងមកគេតែងតែសង្កេតឃើញ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវភាគច្រើន គឺបណ្តាលមកពីអ្នកបើកបររថយន្តធុនធំបើកបរក្នុងស្ថានភាពស្រវឹង ងងុយដេក ឬវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បណ្តាលឱ្យជ្រុលចង្កូតទៅបុករថយន្តដទៃទៀត ឬទៅបុកជនរងគ្រោះដែលកំពុងបើកម៉ូតូតាមដងផ្លូវ បណ្តាលឱ្យរងរបួស និងស្លាប់នៅនឹងកន្លែងកើតហេតុ លុះពេលធ្វើតេស្ត ភាគច្រើន គឺមានអ្នកប្រើប្រាស់សារធាតុញៀន។ 

 លោកបានបន្តទៀតថា ក្នុងការបើកយុទ្ធនាការ ធ្វើតេស្តទឹកនោមដល់អ្នកបើកបររថយន្តដឹកទំនិញ រថយន្តឈ្នួលគ្រប់ប្រភេទ និងអ្នកបើកបរម៉ូតូនេះ គឺសរុបរថយន្ត និងម៉ូតូចំនួន៤៦គ្រឿង ក្នុងនោះរថយន្តតូច១០គ្រឿង រថយន្តធំ២១គ្រឿង និងម៉ូតូ១៥គ្រឿង ហើយធ្វើតេស្តស្វែងរកសារធាតុញៀនចំនួន៤៦នាក់។ គេបានរកឃើញវិជ្ជមានចំនួន១៧នាក់ ក្នុងនោះនៅក្រុងប៉ៃលិន៧នាក់ និងស្រុកសាលាក្រៅចំនួន១០នាក់។ 

លោកបញ្ជាក់ថា ការធ្វើតេស្តទឹកនោមនេះ ជាលើកដំបូង ដោយចាប់ពីពេលនេះតទៅក្នុង១ខែនឹងធ្វើតេស្តទឹកនោមម្តង ដើម្បីស្វែងរកសារធាតុញៀន។ ក្រោយពីធ្វើតេស្តរួច សមត្ថកិច្ចជំនាញ បានអនុញ្ញាតឱ្យម្ចាស់រថយន្តទាំងអស់ត្រឡប់ទៅផ្ទះវិញ ហើយឈប់ប្រព្រឹត្តការសេពគ្រឿងញៀនបន្តទៀត ដោយរក្សាឈ្មោះពួកគេទុកជាមុខសញ្ញា ដើម្បីស្រាវជ្រាវរកឱ្យឃើញ ពីប្រភពដើមនៃការប្រើប្រាស់នេះ ផងដែរ។ ចំណែកអ្នកបើកបររថយន្តធំៗ ខាងជំនាញប្រគល់ឱ្យថៅកែយកអប់រំ ណែនាំឈប់ឱ្យប្រើប្រាស់គ្រឿងញៀន រួចបើកបររថយន្តបន្តទៀត ព្រោះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកធ្វើដំណើរតាមដងផ្លូវជាមួយផងដែរ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖