ខេត្តបន្ទាយមានជ័យ ៖ បេីយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃអាទិត្យទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ជនបរទេស៨នាក់ បម្រុងធ្វើសកម្មភាពឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ ត្រូវបានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ចុះឃាត់ខ្លួនទាន់ពេលវេលា។
របាយការណ៍ដដែលបន្តថា កម្លាំងនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ និងកម្លាំងប៉ុស្តិ៍សិលាខ្មែរ កាលពីព្រលប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ បានស្ទាក់ឃាត់ជនជាតិឥណ្ឌូនេស៊ី ចំនួន០៨នាក់(ប្រុស)ខណៈពួកគេបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ នៅត្រង់ចំណុចខាងលិចប៉ុស្តិ៍ប្រហែល៥០០ម៉ែត្រ ភូមិសិលាខ្មែរឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ ចំណែកមេខ្យល់បានគេចខ្លួនបាត់ ។
ក្នុងប្រតិបត្តិការនោះ ដោយយោងការណែនាំនិងការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទាំងអស់ត្រូវទប់ស្កាត់បង្ក្រាប រាល់បទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើនានាកន្លងមក ។
គួរបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួន ជនជាតិឥណ្ឌូនេស៊ីខាងលើត្រូវបានបញ្ជូនមកទីបញ្ជាការវរ: ដើម្បីសួរនាំ និងផ្តល់កន្លែងស្នាក់នៅបណ្ដោះអាសន្ន និងរង់ចាំបទបញ្ជាថ្នាក់លើអនុវត្តបន្តតាមនីតិវិធី ៕
ដោយ៖សហការី