ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីអាយុជាង១០ឆ្នាំម្នាក់ត្រូវម៉ូតូកង់បីច្នៃខុសបច្ចេកទេសដឹកសណ្ដែកបាយទម្ងន់ជិតមួយតោនបុកស្លាប់កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី២៦ខែធ្នូឆ្នាំ២០២២នៅតាមបណ្ដោយផ្លូវបេតុង ។
តាមសាច់ញាតិថា ក្មេងរងគ្រោះឈ្មោះ ម៉េត ចរិយា អាយុជាង១០ឆ្នាំ រស់នៅក្នុងភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត។
សាច់ញាតិក្មេងរងគ្រោះបញ្ជាក់ថា មុនកើតហេតុក្មេងរងគ្រោះបានជិះម៉ូតូបីនាក់បងប្អូនដោយបងប្រុសឈ្មោះ ប៉ីអាយុ១៥ឆ្នាំនិងប្អូនពៅប្រុសម្នាក់ទៀតឈ្មោះហៅក្រៅអាជ្រូក ភេទប្រុសអាយុ៧ឆ្នាំជិះម៉ូតូម៉ាកឃ្លីក ពណ៌សលាយខ្មៅស្របទិសគ្នាក្នុងទិសដៅពីត្បូងទៅជើងដោយម៉ូតូជនរងគ្រោះជិះមុខម៉ូតូកង់បី លុះមកដល់ចំណុចកើតហេតុបានសុីញ៉ូបត់ចូលតូបឪពុកម្ដាយលក់ដូរ ស្រាប់តែម៉ូតូកងបីដែលបើកក្នុងល្បឿនលឿនបានមកបុកបណ្ដាលឱ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូដូលចូលក្រោមកង់បីកិនចំក្បាលបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ ចំណែកបងប្រុសនិងប្អូនពៅរងរបួសស្រាល។ រីឯម្ចាស់ម៉ូតូកង់បីមិនស្គាល់អត្តសញ្ញាណ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញនគរបាលក្រុងបានចុះវាស់វែងនិងយកវត្ថុតាងទៅរក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។
ដោយឡែកលោកអធិការរងផែនចរាចរណ៍ឈឿម ប៊ុនថាន ពេលអ្នកសារព័ត៌មានសុំកំណត់ហេតុលោកថាលោកនៅឆ្ងាយឱ្យសុំទៅលោកតូ នី ទទួលបន្ទុកចរាចរណ៍។លោកបន្តថា តាមពិតកំណត់ហេតុមិនត្រូវឱ្យទេ ខុសគោលការណ៍។
អ្នកស្រុកលើកឡើងថាៈតាមផ្លូវបេតុងមួយចំនួននៅក្នុងក្រុងប៉ោយប៉ែតស្ទើរក្លាយជាចំណតចតរថយន្ត ម៉ូតូនិងដាក់តាំងលក់ទំនិញធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ចរាចរណ៍ ផ្លូវតូចចង្អៀតបាត់បង់សោភណភាពក្រុង ប៉ុន្តែការធ្វើសណ្ដាប់ធ្នាប់របស់សមត្ថកិច្ចហាក់បីដូចធូររលុង។ ម្យ៉ាងទៀតចំពោះការបើកបរតាមផ្លូវតូចធំសម្បូរដោយក្មេងមិនគ្រប់អាយុ ដែលកត្តាទាំងនេះធ្វើឱ្យមានគ្រោះចរាចរណ៍បាត់បង់ជីវិតមានការកើនឡើង៕
ដោយ ៖ វណ្ណា