ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី​ ប៉ាន សូរស័ក្តិ ប្រកាសបើកការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២

ចែករំលែក៖

ខេត្តសៀមរាប៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ត្រូវបានប្រកាសបើកការប្រកួតជាផ្លូវការ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដោយមានការចូលរួមពី លោក យន់ លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោកស្រី ឈុន ណៃឈីវ នាយិកាចាត់ការទូទៅ និងជាតំណាង ក្រុមហ៊ុន Herbal Life ព្រមទាំង លោក លោកស្រីដែលជាថ្នាក់ដឹកនាំ និងជាមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម មន្ត្រីរាជការ អាជ្ញាធម៌ខេត្តសៀមរាប ក្រុមម៉ូតូ BMW កីឡាករ-កីឡាការិនី និងភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិជាច្រើនរូប។

ថ្លែងក្នុងឱកាសបើកការប្រកួតនេះ លោកប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានណែនាំកីឡាករ-កីឡាការិនីទាំងអស់ត្រូវឈរលើស្មារតី កីឡាដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស ព្រមទាំងត្រូវមានការយោគយល់គ្នា គោរពឱ្យបានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ មិនគិតតែពីការយកឈ្នះ-ចាញ់ឡើយ។

ជាមួយគ្នានេះ លោកប្រធានសហព័ន្ធ ក៏បានស្នើដល់មន្រ្តីគណៈកម្មការបច្ចេកទេសសហព័ន្ធខ្មែរកីឡាទោចក្រយាន ត្រូវខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត ជូនដល់កីឡាករ-កីឡាការិនី ប្រកបដោយភាពយុតិ្តធម៌ មិនលម្អៀង និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៃការប្រកួតធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាផ្លែផ្កា។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានសហព័ន្ធ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូដឹកនាំក្រុមកីឡាទោចក្រយានទាំងអស់ ក្នុងកិច្ទសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយាននេះប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព និងគុណភាព ជាពិសេសអាជ្ញាធរខេត្តសៀមរាប ដែលបានសហការគ្នាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតខាងលើប្រកបដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ដែលញុំាងឱ្យកម្មវិធីនេះ ទទួលបានកីឡាករ-កីឡាការិនី ចូលរួមបានយ៉ាងច្រើនកុះករ។

លោកប្រធានបានបញ្ជាក់ថា នេះជាការប្រកួតប្រចាំឆ្នាំចុងក្រោយហើយ មុននឹងដល់ពេលដែលប្រទេសយើងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ចំនួនពីរចំណុចគឺ៖ ទី១ -ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំឱ្យបានល្អ ទោះមិនបានឈ្នះមេដាយ ឬឈ្នះមេដាយតិចក្តី ទី២ -ការឈ្នះមេដាយគឺត្រូវតែត្រឹមត្រូវ និងយុត្តិធម៌ មិនត្រូវចង់ឈ្នះមេដាយដោយរំលោភបំពានច្បាប់ ឬលក្ខន្តិកៈនៃការប្រកួតឡើយ។

សូមជម្រាបជូនថា ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍសហព័ន្ធកីឡាជាតិឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធខ្មែរកីឡាទោចក្រយាន  សហការជាមួយរដ្ឋបាលខេត្តសៀមរាប  រៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមប្រចាំឆ្នាំ សម្រាប់ហ្វឹកហាត់បំប៉នសមត្ថភាព ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងការប្រកួតអន្តរជាតិនានា ក្នុងពេលខាងមុខ៕

ដោយ​៖សហការី​


ចែករំលែក៖