ភ្នំពេញ៖ ផ្លូវក្រវាត់ក្រុងទី៣បានសម្រេចការសាងសង់ដំណើរការបាន៨២% ហើយគិតមកដល់ចុងខែ ធ្នូ ឆ្នាំ ២០២២ នេះ។ តាមគម្រោងផ្លូវក្រវាត់ក្រុងទី៣នេះស្ថាបនារួចរាល់នៅខែមិថុនាឆ្នាំ ២០២៣ ។
ជាខ្សែផ្លូវដ៏សំខាន់សម្រាប់ចរាចរណ៍ទំនិញនិងកាត់ បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងនោះ ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្រ្ដសំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលជួយសម្រួលដល់ការកកស្ទះនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាការសម្រួលការដឹកទំនិញផងដែរ ព្រោះតែផ្លូវនេះបានសាងសង់ឆ្លងកាត់ផ្លូវជាតិសំខាន់ៗជាច្រើនខ្សែ។ សព្វថ្ងៃគម្រោងដ៏ធំនេះ បាននឹងកំពុងដំណើរការសាងសង់យ៉ាងសកម្ម។
អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានឲ្យដឹងថា គិតមកដល់ពេលនេះដំណើរការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ ការងារសម្រេចបាន ៨១,៥៥ ភាគរយហើយ។ សម្រាប់ការងារដែលនៅសេសសល់ គឺនៅត្រង់ដូរទំហំការងារស្ពាននៅប្រឡាយ ៩៤ និងប្រឡាយ៩៦ ការងារស្ពានរំលងត្រង់ផ្លូវជាតិលេខ៤ និងការងារផ្លូវត្រង់គីឡូម៉ែត្រ ០+០០ ដល់គីឡូម៉ែត្រ ៥+៩០០ ជាដើម។
គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងខ្សែទី៣ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លងហើយបានតភ្ជាប់ពីផ្លូវជាតិលេខ៦,លេខ៥,លេខ៤, លេខ៣,លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ក្នុងទំហំទឹកប្រាក់ ២៦៧,៦៧ លានដុល្លារអាមេរិក។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជនធ្លាប់មានប្រសាសន៍ឲ្យដឹងថា សព្វថ្ងៃថវិកាដែលយើងមានសាងសង់បានត្រឹមតែពាក់កណ្តាលនៃផ្លូវខ្សែក្រវាត់ទេ ដោយសារត្រើយខាង កើតយើងត្រូវសង់ស្ពានឆ្លងទន្លេមេគង្គនៅក្ដីតាកុយ និងត្រូវសាងសង់ស្ពាននៅកោះដាច់ ទើបក្លាយទៅជាក្រវាត់ ក្រុងពេញលេញ។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រវាត់ទី៣នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយធនាគារ នីហរ័ណអាហរ័ណចិន និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ និងបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។
ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាការតភ្ជាប់ផ្ទៃ ក្នុងនិងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍបូរីលំនៅដ្ឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្ម ដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កម្ពុជា៕
ដោយ៖ សូរិយា