ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗទាំងស្រុង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នារសៀលថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ មានដូចខាងក្រោម៖
-សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វិវាទដីធ្លីមិនមែនជារឿងថ្មីងថ្មោងនោះទេ។ បញ្ហានេះកើតឡើងក្រោយប្រទេសមានសុខសន្តិភាព។
– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចគឺជាអ្នកចាប់ផ្តើមធ្វើកំណែទម្រង់ដីធ្លី ដោយបែងចែកដីជូនប្រជាពលរដ្ឋ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា សម្តេចធ្លាប់ធ្វើចលនាតវ៉ាទាមទារដីធ្លីរំលោភដោយសាច់ញាតិ ញឹក ជូឡុង ហើយត្រូវគេដេញចាប់រត់ធ្លាក់ដល់ខេត្តក្រចេះ។
- សម្តេចតេជោ ហ៊ុន សែន បានលើកជាឧទាហរណ៍ថា ជម្លោះដីធ្លីនៅមណ្ឌលគិរី មិនមែនជាជម្លោះរបស់ជនជាតិភាតិចនោះទេ គឺកើតចេញពីអ្នកទៅពីចម្ងាយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិវាទដីធ្លីមានតែការដោះស្រាយក្រៅប្រព័ន្ធតុលាការ ទើបងាយស្រួល។ សម្តេចតេជោ ហ៊ុន សែន ទទូចតុលាការកុំពូកែតែរឿងចាប់ចង។
- សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលខេត្តយកចិត្តទុកដាក់ខ្ជាប់ខ្ជួនលើការងារចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ទទូចឱ្យចេញបញ្ជីក្បាលដីជូនប្រជាពលរដ្ឋឱ្យបាន ១០០ភាគរយ នៅឆ្នាំ២០២៣។ បច្ចុប្បន្នសម្រេចបានជាង ៩០ភាគរយហើយ។
- សម្តេចតេជោ ហ៊ុន សែន ណែនាំដល់នគរបាលយុត្តិធម៌ និងកងរាជអាវុធហត្ថ កុំពូកែរឿងចាប់ចងតាមបញ្ជារបស់តុលាការ។
ខណៈសម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យពិនិត្យលើរឿងបុគ្គលិកទូរទស្សន៍បាយ័នដែលគេចាប់ខ្លួន តើរឿងពិតបែបណា?
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដោះស្រាយវិវាទត្រូវរក្សាភាពអព្យាក្រឹត្យ គ្មានលំអៀង ទើបដោះស្រាយបញ្ហាបានយុត្តិធម៌។ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យបន្តនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច។ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបន្តសង់ផ្ទះជូនទាហាន នគរបាល នៅតាមទល់ដែន និងអតីតយុទ្ធជន។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបន្តតាមដានមើលលើការអភិវឌ្ឍនៅរុនតាឯក និងពាក់ស្នែង។ សម្តេចតេជោ ណែនាំឱ្យអនុវត្តការងារកាត់ឆ្វៀលដីតំបន់បឹងទន្លេសាប ឱ្យរួចរាល់ត្រឹមខែឧសភា ឆ្នាំ២០២៣។
-សម្តេចតេជោ ហ៊ុន សែន ណែនាំមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់ និងពន្លឿនសេវាជូនប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនដូចខាងក្រោម៖
*១៖ សូមបន្តអនុវត្តផែនការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច និងដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និង បង្កើនប្រាក់ចំណូល
*២៖ ត្រូវបន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លីដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនា-សង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ
*៣៖ ត្រូវបន្តពង្រីកវិសាលភាពនៃការអនុវត្តគម្រោងសាងសង់ស្ថានីយវាស់វែងអចិន្រ្តៃយ៍ ដោយផ្កាយរណបសម្រាប់ ការគ្រប់គ្រងដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យបានទូទាំងប្រទេស ។
*៤៖ ត្រូវពង្រឹងការអនុវត្តច្បាប់សំណង់ ទាំំងលើការងារសាងសង់និងការត្រួតពិនិត្យសំណង់ ដើម្បីធានាបង្កើនគុណភាព សុវត្ថិភាព និងសុខមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន ។ ទន្ទឹមនោះ ត្រូវបន្តការយកចិត្តទុកដាក់ការពារសំណង់អគារបេតិកភណ្ឌ និងជំរុញការចុះបញ្ជីទីតាំងតំបន់ការពារបុរាណដ្ឋានជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
*៥៖ សូមបន្តលើកទឹកចិត្ត និងគាំទ្រគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យសំដៅលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានលំនៅឋានសមរម្យ ។ បន្តអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែកដីជូនប្រជាពលរដ្ឋក្រីក្រដែលខ្វះដី និងបន្តអនុវត្តចែកដី និងផ្ទះជូនកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅតាមព្រំដែន
*៦៖ ត្រូវជំរុញការអភិរក្សនៅតំបន់រមណីយដ្ឋានអង្គរ ស្របគ្នានឹងការអភិវឌ្ឍនៅតំបន់អភិវឌ្ឍរុនតាឯក និងតំបន់ពាក់ស្នែកជូនបងប្អូនប្រជាពលរដ្ឋដែលស័្មគ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅតាំងទីលំនៅថ្មីនៅតំបន់នោះ ដោយ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយគាំទ្រផ្នែកសង្គមកិច្ច និងផ្នែកហេដ្ឋារចនសម្ព័ន្ធដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។
*៧៖ ត្រូវបន្តដោះស្រាយបញ្ហាជូនប្រជាជនដែលរស់នៅជាភូមិករនៅជុំវិញបឹងទន្លេសាប ដោយធ្វើបច្ចុប្បន្នភាពផែនទីតាមខេត្តនីមួយៗ កែសម្រួលព្រំប្រទល់តំបន់ ៣ ព្រំប្រទល់តំបន់ ២ និងកាត់ឆ្វៀលទីតាំងដី ដែលប្រជាជនរស់នៅពីយូរលង់មកហើយក្នុងតំបន់ ៣ និងតំបន់ ២ ឱ្យចប់មុនពេលបោះឆ្នោតសកលឆ្នាំ ២០២៣
*៨៖ គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តទាំង ៤ ត្រូវជំរុញរៀបចំផែនការអភិរក្ស ការពារ និងអភិវឌ្ឍតំបន់ឆ្នេរដើម្បីគាំទ្រដល់ការអភិរក្ស និងការអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយប្រសិទ្ធភាព ចីរភាព និង សមធម៌ ឱ្យស័ក្តិសមជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកល-លោក និងជាតារារៈនៅទិសនិរតី
*៩៖ សូមរួមគ្នាបន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវា-សាធារណៈជូនប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាជន៕
ដោយ៖សហការី