ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យបន្តដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្រៅប្រព័ន្ធតុលាការ នៅតាមមូលដ្ឋានឱ្យបាន កាន់តែមានប្រសិទ្ធភាពខ្ពស់។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់ក្រសួងរៀបចដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពង្រឹងប្រសិទ្ធភាពលើការងារជំនាញរបស់ខ្លួន និងមន្ត្រីជំនាញ ត្រូវបន្តអនុវត្តចុះបញ្ជីដីធ្លីទាំងអស់ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «ការងារកែទម្រង់ដីធ្លី បានធ្វើឱ្យជម្លោះដីធ្លីធ្លាក់ចុះគួរឱ្យកត់សម្គាល់»។ សម្តេចក៏បានផ្តល់អនុសាសន៍ដល់លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ឱ្យពង្រឹងប្រសិទ្ធភាពការងារជំនាញរបស់ក្រសួងដែនដី មន្ត្រីជំនាញ ត្រូវបន្តអនុវត្តចុះបញ្ជីដីធ្លីទាំងអស់ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។
សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា កុំអាងអីឡើងចាប់មនុស្សឃុំឃាំងរឿងទំនាស់ដីធ្លី ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយចប់សង្គ្រាម ធ្វើឱ្យតម្លៃដីធ្លីនៅគ្រប់កន្លែងឡើងថ្លៃ។ សម្ដេចតេជោ ក៏បានជំរុញឱ្យបន្តពង្រីកវិសាលភាពសាងសង់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ឱ្យបានទូទាំងប្រទេស។
ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបន្តលើកទឹកចិត្តដល់ការកសាងលំនៅដ្ឋានតម្លៃសមរម្យ ដើម្បីពលរដ្ឋមានផ្ទះសម្បែងរស់នៅសមរម្យ៕
ដោយ៖សហការី