ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះពលរដ្ឋ១ខ្នងត្រូវភ្លើងឆាបឆេះដោយសារទុស្សេខ្សែភ្លើងបណ្តាលឱ្យខូចខាតទាំងស្រុងរួមជាមួយនឹងទ្រព្យសម្បត្តិ

ចែករំលែក៖

ខេត្តប៉ៃលិន៖ តាមរបាយការណ៍ពីមន្ត្រីនគរបាលពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋានខេត្តប៉ៃលិនបានឱ្យដឹងថា  នៅវេលា​ម៉ោង​១០និង១៥នាទី​ព្រឹកថ្ងៃអង្គារ​ ៥កេីត​ ខែបុស្ស​ ​ឆ្នាំខាល​ ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃ​ទី​២៧​ ខែ​ធ្នូ​ ឆ្នាំ​២០២២ មានករណីភ្លើងឆេះផ្ទះ០១កន្លែងស្ថិតនៅចំណុចភូមិក្បាលព្រលាន​ សង្កាត់អូរតាវ៉ៅ​ ក្រុង/ ខេត្តប៉ៃលិន។ 

   ប្រភពពីមន្ត្រីនគរបាលជំនាញពន្លត់អគ្គិភ័យបានបន្តថា ម្ចាស់ផ្ទះឈ្មោះ រាំង​ សារុំ​ ភេទ​ប្រុស​ អាយុ​៦៥ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ សរ​ ចន្ធី​ ភេទ​ស្រី​ អាយុ​៦៥​ឆ្នាំ​ មុខរបរ​ លក់ដូរអីវ៉ាន់ចាប់ហួយ មានទី​លំនៅ​បច្ចុប្បន្ន​រស់នៅភូមិ​ក្បាលព្រលាន​  សង្កាត់អូរតាវ៉ៅ​ ក្រុង/ខេត្ត​ប៉ៃលិន។

    បើតាមប្រភពពីម្ចាស់ផ្ទះបានប្រាប់មន្ត្រីនគរបាលជំនាញពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តបន្តទៀតថា មុនពេលកើតហេតុពួកគាត់រវល់នៅមុខផ្ទះ  ស្រាប់តែមានភ្លើងឆេះបណ្តាលមកពីទុស្សេខែ្សភ្លើងបណ្ដាលឱ្យខូចខាតសម្ភារមានដូចជា៖ ទី១ផ្ទះចំនួន​១​ខ្នង ថ្មក្រោម ឈើលើ ប្រក់ស័ង្កសី (ខូចខាតទាំងស្រុង) ផ្ទះទំហំ ៤មx៩ម, លុយដុល្លារសរុបចំនួន២០០០$, លុយរៀលចំនួន ២.០០០.០០០៛, ចិញ្ចៀន​ផ្លាទីន​ចំនួន​០២​ វង់, ទូរស័ព្ទចំនួន​០១គ្រឿង ព្រមទាំងសម្ភារក្នុងផ្ទះខូចខាតទាំងស្រុង។ 

នៅពេលមានភ្លើងឆេះនេះ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដឹកនាំកម្លាំងដោយលោក វរសេនីយ៍ឯក​ ឃ្លោក​ សាឡន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​និងសង្គ្រោះ​ បានឱ្យចេញរថយន្តចំនួន ០២គ្រឿង សហការជាមួយកម្លាំងវេនប្រចាំបញ្ជា​  កម្លាំងអធិការដ្ឋានក្រុង​ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរតាវ៉ៅ​ ដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តទើបភ្លើងត្រូវបានពន្លត់ចប់នៅវេលាម៉ោង ១១និង០០នាទី ថ្ងៃខែឆ្នាំដដែល ៕

IMG_2943

ដោយ៖ ស សារ៉េត

 


ចែករំលែក៖