ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ត្រូវជនសង្ស័យពីរនាក់ជិះម៉ូតូមកឆក់យកកាបូបលុយនិងទូរស័ព្ទបានសម្រេច ធ្វើឱ្យដួលម៉ូតូអូសរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ នារីម្នាក់បានដួលម៉តូអូសជាច្រេីនម៉ែត្ររងរបួសធ្ងន់​ បន្ទាប់ពីត្រូវបានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់យកកាបូបលុយនិងទូរសព្ទដៃពីជនរងគ្រោះដែលកំពុងជិះម៉ូតូតាមផ្លូវបានសម្រេច​ធ្វើឱ្យដួលម៉ូតូអូសជាច្រេីនម៉ែត្រ​ កាលពីវេលាម៉ោង១២និង ៤៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែធ្នូ​ ឆ្នាំ២០២២ នៅចំណុចមុខផ្ទះលក់គ្រឿងសង្ហារឹមមួយកន្លែង ខាងត្បូងវត្តសំរោងអណ្ដែត តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​    ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងម៉ាកzoomer- x ពណ៌សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1FY-5904។

​    បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូហុងដាឌ្រីម​ ពណ៌ខ្មៅ​ មិនចាំផ្លាកលេខ​ បានធ្វើដំណើរមកពីក្រោយរួចធ្វើសកម្មភាពឆក់យកកាបូកលុយនិងទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច  ដោយបណ្ដាលឱ្យជនរងគ្រោះដួលទៅនឹងថ្នល់អូសជាច្រេីនម៉ែត្ររងរបួសធ្ងន់ ។ ចំណែកជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល​ ដោយនាំយកសម្ភាររបស់ជនរងគ្រោះទៅរួមមាន៖​ មានកាបូប១​ដែលក្នុងកាបូបនោះមានលុយជិត300 ដុល្លារនិងទូរស័ព្ទដៃម៉ាកអាយហ្វូន ១៣ Pro១ គ្រឿង។

​     ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយខណៈកំពុងតែធ្វើការសួរនាំក៏មានជនជាតិបរទេសចំនួនពីរនាក់ជិះរថយន្តមួយគ្រឿងបានមកដល់កន្លែងកើតហេតុ ដោយសង្ស័យជាថៅកែរបស់ជនរងគ្រោះក៏បាននាំគ្នាលើកនារីរងគ្រោះចេញពីរថយន្តសាមុយដាក់ក្នុងរថយន្តខ្លួនឯង និងបើកម៉ូតូជនរងគ្រោះតាមក្រោយរថយន្តចេញពីកន្លែងកើតហេតុបាត់ទៅ ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនោះឡើយ៕

IMG_3015 IMG_3016 IMG_3017 IMG_3019

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖