ខេត្តស្ទឹងត្រែង៖ មានហេតុការណ៍គួរឱ្យរន្ធត់និងភ្ញាក់ផ្អើលមួយបានកើតឡើងព្រោះតែផ្លូវស្រួលមែនទេទើបបើកបរខ្វះការប្រុងប្រយ័ត្ន បានធ្វើឱ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ខណៈបើកបរលើសល្បឿនកំណត់ ហើយជ្រុលទៅបុកបង្គោលសុវត្ថិភាពបង្កហេតុដោយខ្លួនឯង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវចូលទីរួមស្រុកបុរីអូរស្វាយសែនជ័យមានចម្ងាយប្រមាណ៥០០មែ៉ត្រពីផ្លូវបំបែក ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
បើតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍បានឱ្យដឹងថា: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង ក្នុងទិសដៅពីកើតទៅលិច ដោយសារការជិះម៉ូតូទៅបុកនឹងបង្គោលសុវត្តិភាពខាងជើងផ្លូវ បានបណ្តាលឲ្យអ្នកបើកបររងរបួសស្រាល និងអ្នករួមដំណើរត្រូវបានស្លាប់ ក្រោយពេលបញ្ជូនដល់មណ្ឌលសុខភាព ស្រុកបុរីអូរស្វាយសែនជ័យ ។ អ្នកបើកបរម៉ូតូឈ្មោះ អាត សុរ៉ាត់ ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង(រងរបួសស្រាល) បើកបរម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ខ្មៅគ្មានផ្លាកលេខ។
សមត្ថកិច្ចបញ្ជាក់ទៀតថា អ្នករួមដំណើរឈ្មោះ ញ៉ាន់ សាលីកា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង(ស្លាប់)។
បច្ចុប្បន្ន អ្នកបើកបរម៉ូតូ និងម៉ូតូត្រូវបាននាំយកមកអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីបន្តតាមនីតិវិធីច្បាប់។ ចំណែកសាកសពត្រូវបានប្រគល់ជូនគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ៕
ដោយ៖ មាស សុផាត