ព័ត៌មានទាន់ហេតុការណ៍៖

ត្រីអណ្តែងជាច្រើនត្រូវបានប្រទះឃើញងាប់អណ្តែតពេញទឹកក្នុងតំបន់អភិរក្សដោយមិនដឹងពីមូលហេតុ

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោក ហោ សំអាតអនុប្រធានសហគមន៍តំបន់អភិរក្ស រាំងពេន៣ត ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រាប់ឱ្យអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២២នេះថា  សត្វត្រីអណ្តែងនៅក្នុងដែនអភិរក្ស រាំងពេន៣ត ដែលលាតសន្ធឹងរាប់សិបហិកតាបានងាប់អណ្តែតពេញទឹកយ៉ាងច្រើនចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ មកម្ល៉េះដោយមិនទាន់ដឹងពីមូលហេតុ។

   លោកអនុប្រធានបន្តថា ពូជត្រីអណ្តែងដែលងាប់នៅក្នុងតំបន់អភិរក្សដ៏គួរឱ្យព្រួយបារម្ភនេះមានអាយុប្រមាណជា ៤ ទៅ ៥ខែ និងក្នុងមួយក្បាលៗមានទម្ងន់ពី ២ ទៅ៣ខាំ ហើយករណីប្រទះឃើញត្រីងាប់នេះលើកទី២ហើយ ខណ:នៅឆ្នាំ ២០១៨ មានត្រីងាប់យ៉ាងច្រើនដូចគ្នាដែរ ប៉ុន្តែជាពូជត្រីផ្ទក់ និងត្រីរ៉ស់។

   លោកអនុប្រធានសហគមន៍តំបន់អភិរក្ស រួមជាមួយនឹងមន្ត្រីសហគមន៍មួយចំនួនទៀតបានចុះពិនិត្យបន្តជាប់ៗគ្នាបង្ហាញថា បញ្ហាដែលត្រីងាប់នេះជាប្រភេទត្រីអណ្តែងសុទ្ធដោយមិនមានការយាយីដូចជាករណីលួចឆក់នៅពេលថ្ងៃ ឬពេលយប់ និងត្រូវថ្នាំពុលអ្វ៏នោះឡើយ ហើយក៏មិនមែនដោយសារពុលទឹកនោះដែរ តែក្រុមការងារនឹងបន្តតាមដានស្រាវជ្រាវបន្ថែមចំពោះករណីខាងលើនេះ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖