ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក (ថ្មី)

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក (ថ្មី) នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន គ.ស.ច.ក, លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្រ្តីជាន់ខ្ពស់ ចំណុះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាច្រើនរូបទៀត។

មានប្រសាសន៍បើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក (ថ្មី) នេះ មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់កន្លងទៅ ហើយសម្ដេចសង្ឃឹមថា សេចក្ដីព្រាងច្បាប់នេះនឹងត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្រ្តីនាដំណាច់ឆ្នាំ២០២២នេះ ហើយក៏សង្ឃឹមថា ច្បាប់នេះនឹងបន្តបញ្ជូនទៅដល់ដៃស្ថាប័នសភានាត្រីមាសទី១ ឆ្នាំ២០២៣ផងដែរ។

លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំអំពីហេតុផលសំខាន់ៗដែលនាំឱ្យរៀបចំសេចក្ដីព្រាងច្បាប់ថ្មីនេះ ដោយនៅក្នុងភាពគ្រប់ជ្រុងជ្រោយនៃច្បាប់នេះ មានការបន្ថែម និងកំណត់នូវប្រភេទបទល្មើសចរាចរណ៍ផ្លូវគោកផងដែរ។

សេចក្ដីព្រាងច្បាប់ថ្មីនេះ បានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ រួមដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀន ៕

ដោយ ៖ សហការី


ចែករំលែក៖