ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែធ្នូ ឆ្នាំ២០២២បានឱ្យដឹងថា តាមការដកស្រង់ចេញពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា សណ្តាន់ (False mangosteen) ដើមមានកម្ពស់១០-១៥ស.ម សម្បកក្រៅពណ៌ខ្មៅ ខាងក្នុងជ័រពណ៌លឿង។ មែករាងជ្រុងនៅពេលខ្ចី រាងមូលពេលចាស់។ ស្លឹកឈម រាងពងក្រពើក្រាស់ មានប្រវែង ៨-១៥ស.ម ទទឹក៣.៥ស.ម។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ផ្កាទ្វេភេទ ឬមានភេទតែមួយ (ផ្កាញី ឬផ្កាឈ្មោល) លើដើមខុសគ្នា ចេញនៅតាមប្រគាបស្លឹក ឬនៅចុងមែក ផ្ការាយឬកញ្ចុំមាន១-៥។ ត្របកផ្កា៤ ស្រទាប់ផ្កា៤-៥ ក្រាស់រឹងពណ៌ទឹកក្រូចលាយស្វាយ ឬស និងក្រហមនៅផ្ទៃក្នុង។ ផ្លែរាងមូលទ្រវែងដូចស៊ុត។ ស្លឹកមានរសជាតិជូរ ចត់ បន្តរពូជដោយគ្រាប់ ដុះក្នុងព្រៃរនាម ឬព្រៃក្រាស់លើដីទំនាប។
គួរជម្រាបថា ចំពោះការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖
_គ្រឿងទេស ស្លឹកបុកសម្រាប់សម្លរគ្រឿង។ ផ្លែស្រស់ប្រើជាម្ជូរ សម្រាប់ប្រហុកឆៅចិញ្រ្ចាំ។
_ ឱសថ ស្លឹក និងផ្លែ ស្ងោរត្រាំព្យាបាលកើតពិស និងរោគលឿង៕
ដោយ៖សហការី