ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ និងគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូថ្នាក់ទី ១២ សរុបចំនួន ៨៦២ នាក់

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយ អស់លោក លោកស្រីក្រុមការងារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ និងគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូថ្នាក់ទី ១២ សរុបចំនួន ៨៦២ នាក់ ។ 

មានមតិសំណេះសំណាលនាឱកាសនេះ លោករដ្ឋមន្រ្តី ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បានសំដែងនូវការអបអរសាទរចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យជូនដល់គ្រួសារ និងសង្គមជាតិ ហើយក៏បានផ្តាំផ្ញើដល់ក្មួយៗដែលពុំបានប្រលងជាប់ ត្រូវធ្វើការសិក្សារៀនសូត្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយទៀត ព្រោះក្មួយៗទាំងអស់ គឺជា   ទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់នាថ្ងៃខាងមុខ ក្មួយៗ​មិន​ត្រឹម​តែ​រៀន​ឲ្យ​បាន​តែ​​ជាប់​​ប៉ុណ្ណោះ​ទេ​ ត្រូវ​រៀន​ឲ្យ​ចេះ​សម្រាប់​ខ្លួន​ឯង​ ហេីយ​ក្មួយ​ៗ​អាច​មាន​ឱកាស​សិក្សា​ និង​ប្រលង​ជាប់​នៅ​ពេល​នេះ​ ក៏​ដោយ​សារ​ប្រទេស​យើង​មាន​សន្តិភាព​ ដូច​នេះ​យើង​ទាំង​អស់​គ្នា​ សូម​អរគុណ​សន្តិភាព​ ។ ស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីត-១៩ ជាសកល សូមក្មួយៗថែរក្សាសុខភាព និងសូមប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ។  

សូមជម្រាបជូនថា ក្នុងសម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ ២០២២ នេះ លោករដ្ឋមន្រ្តី និងក្រុមការងារក៏បានជួយឧបត្ថម្ភកន្លែងស្នាក់នៅ ការធ្វើដំណើរ និងការហូបចុកដល់បេក្ខជនទាំងអស់ ផងដែរ និងដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗដែលទើបនឹងប្រលងជាប់ និងពុំបានប្រលងជាប់ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូថ្នាក់ទី ១២ សរុបចំនួន ៨៦២ នាក់ លោករដ្ឋមន្រ្តី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បានឧបត្ថម្ភដូចខាងក្រោម ៖ 

– និទ្ទេស A  ចំនួន ០៣ នាក់  ម្នាក់ៗទទួលបានម៉ូតូ SCOPY-២០២៣ ចំនួន ០១ គ្រឿង 

– និទ្ទេស B  ចំនួន ៣៩ នាក់  ម្នាក់ៗទទួលបានថវិកាចំនួន ៤០០.០០០ រៀល 

– និទ្ទេស C  ចំនួន ១២៦ នាក់  ម្នាក់ៗទទួលបានថវិកាចំនួន ៣២០.០០០រៀល  

– និទ្ទេស D  ចំនួន ២២៦ នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ២៤០.០០០ រៀល 

– និទ្ទេស E  ចំនួន ២៣១ នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ១៦០.០០០ រៀល 

– សិស្សប្រលងធ្លាក់ ចំនួន ១៤៤ នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ៨០.០០០ រៀល 

-​ គណៈគ្រប់គ្រង​ និង​លោក​គ្រូ​ អ្នកគ្រូ​ ថ្នាក់​ទី​ ១២​ ចំនួន​ ១១៤ នាក់​ ម្នាក់​ៗ​ថវិកា​ ចំនួន​ ១០០.០០០ រៀល​

– វិទ្យាល័យ ទេពប្រណម្យ  ចំនួន ១.០០០.០០០ រៀល 

– វិទ្យាល័យ ហ៊ុន សែន អូរកុង ចំនួន ១.០០០.០០០ រៀល 

– វិទ្យាល័យ ហ៊ុន សែន កោះចិនចំនួន ១.០០០.០០០ រៀល 

– វិទ្យាល័យ ហ៊ុន សែន ព្រះធម្មស្រះ  ១.០០០.០០០ រៀល 

– វិទ្យាល័យ ហ៊ុន សែន ព្រែកតាទែន ១.០០០.០០០ រៀល 

– រដ្ឋបាលស្រុកពញឮ   ១.០០០.០០០ រៀល

-​ ប៉ូលីស​ ១.០០០.០០០ រៀល ៕

ដោយ ៖ សិលា


ចែករំលែក៖