ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ គិតត្រឹមម៉ោងជាង ១០ព្រឹក ថ្ងៃទី៣០ ខែធ្នូនេះ ក្រុមអ្នករុករកកម្ពុជា-ថៃ បានរកឃើញសាកសពជនរងគ្រោះក្នុងករណីឆាបឆេះអគារកាស៊ីណូ នៅក្រុងប៉ោយប៉ែត ចំនួន ១១នាក់ទៀត

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ គិតត្រឹមម៉ោងជាង ១០ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមអ្នករុករកកម្ពុជា-ថៃ បានរកឃើញសាកសពជនរងគ្រោះក្នុងករណីឆាបឆេះអគារកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំនួន ១១នាក់ទៀត ។

ដូចច្នេះសាកសពកើនដល់ជាង ២០នាក់ហើយ ដែលចំនួនអ្នករបួសប្រមាណជា ១០០នាក់ ។ ក្រុមអ្នករុករក នៅតែបន្តប្រតិបត្តិការដោយភាពសស្រាក់សស្រាំបំផុត។ ក្នុងនោះរថយន្ត ពន្លត់អគ្គិភ័យ ដែលបញ្ជូន ពីអគ្គស្នងការដ្ឋាននគរបាលជាតិ រាជធានីភ្នំពេញ កាលពីរសៀល បានទៅដល់ ក្រុងប៉ោយប៉ែត នៅម៉ោង ២៣ យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ។ ដល់ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានដាក់ប្រចាំការបាញ់ទឹក ដើម្បីជាមធ្យោបាយ ជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ។

សូមបញ្ជាក់ថា, ករណីអគ្គិភ័យឆាបឆេះកាស៊ីណូចំនួន ២កន្លែងនៅក្រុងប៉ោយប៉ែត បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២។ បច្ចុប្បន្នកម្លាំងរុករក សមត្ថកិច្ច អាជ្ញាធរកម្ពុជា និងខាងសមត្ថកិច្ចថៃ បានសហការគ្នា យកចិត្តទុកដាក់ក្នុងការជួយអន្តរាគមន៍ ស្វះស្វែងរកជនរងគ្រោះបន្តទៀតនៅក្នុងថ្ងៃនេះ។

សូមជម្រាបជូនថា, ជនរងគ្រោះមានកម្ពុជា មានជនបរទេស ក្នុងនោះបន្ទាប់ពីធ្វើ កោសល្យវិច័យ បំពេញលិខិតស្នាម រួចរាល់ .. សពជនរងគ្រោះ ជាជនជាតិថៃ មួយចំនួន បានរៀបចំ បញ្ជូនទៅឱ្យ ក្រុមគ្រួសារ  រៀបចំធ្វើបុណ្យ តាមប្រពៃណី ៕

ដោយ ៖ វណ្ណា


ចែករំលែក៖