ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការដ្ឋានរថក្រោះ ភារកិច្ចស្នូល និងការកសាងបានជំរុញអនុវត្តន៍តាមផែនការរបស់ថ្នាក់លើ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ឯក ពៅ សុីថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ​ បានចុះត្រួតពិនិត្យការងារថែទាំបច្ចេកទេស ជួសជុល ជូតសំអាត រថក្រោះ រថពាសដែក លោក បានជំរុញដល់គ្រប់បណ្តាអង្គភាពចំណុះ ឲ្យរៀបចំកម្លាំងបច្ចេកទេសយានដ្ឋាន កម្លាំងដឹកជញ្ជូន ថែទាំបច្ចេកទេស ជួសជុល ជូតសម្អាតរថក្រោះ រថពាសដែក ឱ្យបានល្អបំពេញរាល់ការងារដែលចាំបាច់របស់អង្គភាព ទាំងនេះគឺជាការងារស្នូលដ៏ចាំបាច់ដែលមិនត្រូវអាក់ខានបានឡើយ ព្រោះដោយសារយុទ្ធភណ្ឌទាំងអស់នេះគឺជាចំណែកមួយនៃសសរទ្រូងរបស់អង្គភាព និងប្រទេសជាតិរបស់យើង។

លោកឧត្តមសេនីយ៍ឯក ពៅ សុីថា​ បន្តទៀតថា ការងារសាងសង់ក៏ជាចំណែកមួយនៃអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានរីកចម្រើន មានសោភ័ណភាពស្រស់បំព្រង ដូច្នេះហើយទើបលោកខិតខំកសាងអង្គភាព ឲ្យមានភាពរីកចម្រើនដូចសព្វថ្ងៃនេះ ដើម្បីដើរទន្ទឹមស្របទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិយើងផងដែរ ។

លោកមេបញ្ជាការ បានមានប្រសាសន៍ផ្តាំផ្ញើដល់មេបញ្ជាការគ្រប់បណ្តាអង្គភាពចំណុះទាំងអស់ត្រូវតែខិតខំគោរពនូវផែនការណ៍របស់ថ្នាក់លើអោយបានដាច់ខាត និងពង្រឹងលើការកសាងអង្គភាពឲ្យមានភាពរីកចម្រើនផងដែរ ។ ត្រូវតែកុំភ្លេចឡើយនៅការប្រយ័ត្នខ្ពស់បំផុត ត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារព្រមទាំងអនុវត្តវិធានការផ្សេងៗដែលដាក់ចេញដោយក្រសួងសុខាភិបាលឲ្យបានជាប់ជានិច្ច ៕

ដោយ​៖សហការី​


ចែករំលែក៖