ខេត្តពោធិ៍សាត់ ៖ បុរសព្រូរថយន្តម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងរន្ធត់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុករបងថ្មផ្ទះគេ ខណៈគេសង្ស័យបើកបរក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្នខណៈស្ថានភាពផ្លូវមិនសុវត្ថិភាព។
ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈនចូល ថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចចុងផ្លូវកៅស៊ូ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
មន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ជា សុខធារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំរតនៈ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ។
មន្ត្រីប៉ុស្តិ៍ខាងលើបន្តទៀតថា មុនកើតហេតុគេលឺសន្ធឹករថយន្តក្នុងល្បឿនលឿន និងលឺសំឡេងបុកយ៉ាងខ្លាំង ពេលចេញមកមើលឃើញរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ទ្រុងឃ្លុប ពាក់ស្លាកលេខ ភ្នំពេញ 3F 7284 បានជ្រុលបុករបងថ្មត្រង់ចំណុចខាងលើ ហើយគេសង្ស័យបើកបរក្នុងល្បឿនលឿន ដល់កន្លែងផ្លូវបត់ក៏ជ្រុលបុករបងថ្មនោះតែម្ដង ចំណែកជនរងគ្រោះអាចទំនងផ្លោងតាមកញ្ចក់ បុករបងថ្ម និងអាចជញ្ជាំងថ្មនោះបាក់សង្កត់បណ្ដាលឲ្យស្លាប់បែបនេះ ចំណែកតៃកុងបានរត់គេចខ្លួនបាត់ ។
មន្ត្រីនគរបាលប៉ុស្តិ៍បញ្ជាក់ទៀតថា បញ្ហាខាងលើ នគរបាលការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបន្តនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន