ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបន្ទាយមានជ័យ ៖ ក្នុងហេតុការណ៍ភ្លើងឆេះកាស៉ីណូនៅក្រុងប៉ោយប៉ែត, សរុបអ្នកស្លាប់២៦នាក់ និងរបួស៥៧នាក់ មិនមានពលរដ្ឋខ្មែរឡើយ បន្ទាប់ពីបិទបញ្ចប់ការរុករក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រាប់សារព័ត៌មាន ឲ្យដឹងថា,  ជាមួយនឹងការបិទបញ្ចប់ប្រតិបត្តិការទាំងស្រុងនេះ កម្លាំងប្រតិបត្តិការបានរកឃើញអ្នកស្លាប់សរុបចំនួន២៦នាក់ និងអ្នករបួសចំនួន៥៧នាក់ ក្នុងនោះទាំងអ្នករបួស និងស្លាប់ មិនមានជនជាតិខ្មែរនោះឡើយ។

លោកបន្តថា, សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ ខាងកម្ពុជាប្រើប្រាស់កម្លាំង១.០០៩នាក់ និងខាងថៃចំនួន២២១នាក់។

បើតាមលោកអភិបាលខេត្ត សាកសពអ្នកស្លាប់ក្នុងហេតុការណ៍នេះ មានជនជាតិថៃ ចំនួន១៧នាក់, នេប៉ាល់ម្នាក់, ម៉ាឡេស៉ីម្នាក់, សង្ស័យចិនម្នាក់ និងមិនស្គាល់អត្តសញ្ញាណ៦នាក់ (មិនមែនជាតិខ្មែរ)។ 

សូមបញ្ជាក់ថា, បិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងហេតុការណ៍ភ្លើងឆេះកាស៉ីណូនៅក្រុងប៉ោយប៉ែត, សរុបអ្នកស្លាប់២៦នាក់ និងរបួស៥៧នាក់ មិនមានពលរដ្ឋខ្មែរឡើយ ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារជនរងគ្រោះ ដែលជាជនជាតិបរទេសមកធ្វើការ និងមករកស៊ីនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងនេះ។ 

អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត។

ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ។

គួរជម្រាបថា ជនរងគ្រោះដែលនៅមានជីវិត ខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ និងខ្លះទៀត បញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ នៅក្នុងប្រទេសកម្ពុជា។ បើតាមសេចក្ដីរាយការណ៍ អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។

សូមជម្រាបជូនបន្តទៀតថា ៖ ដោយប្រើប្រាស់ពេល ៣៩ម៉ោង គិតរហូតមកដល់ល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចកម្ពុជា និងថៃ បានសម្រេចបិទបញ្ចប់ប្រតិបត្តិការរុករក ស្រាវជ្រាវរកជនរងគ្រោះដែលជាប់គាំង ក្នុងហេតុការណ៍ឆេះកាស៉ីណូហ្គេនដាយមិន នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ទាំងស្រុងហើយ។

នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣១ ខែធ្នូ ស្អែកនេះ ដូច្នេះចំពោះព័ត៌មានលម្អិត រង់ចាំការបញ្ជាក់តាមរយៈ សន្និសីទសារព័ត៌មាន ៕

ដោយ : វណ្ណា


ចែករំលែក៖