ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានទទួលលិខិតលេខ ០០៤ សគកឯ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្តីពីការជូនដំណឹងអំពីការប្រមូលផ្តុំសម្តែងមតិ ដើម្បី ទាមទារឱ្យមានការដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងសហជីព។ បន្ទាប់មក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញលោក និងលោកស្រី មកប្រជុំពិភាក្សាអំពីសំណើ ខាងលើ ហើយបានឯកភាពគ្នាធ្វើការកែសម្រួលកម្មវត្ថុនៃលិខិតលេខ ០០៤ សគកឯ ខាងលើ ឱ្យស្របតាម លក្ខន្តិកៈរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងដែលត្រូវបាន ធ្វើវិសោធនកម្មនៅក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ០៨២ សជណ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ និងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។
ក្រោយមក នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានទទួលលិខិតលេខ ០០៥ សតកឯ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការជូនដំណឹងជាថ្មី ស្តីពីការប្រមូលផ្តុំសម្តែងមតិ របស់សមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ ហើយរដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញលោក និងលោកស្រីមកប្រជុំ កាលពី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំនោះ ភាគីពាក់ព័ន្ធបានពិនិត្យឃើញថាកម្មវត្ថុនៃការសម្ដែងមតិនេះ មិនស្របនឹងមាត្រា ៥២២ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ហើយលោក និង លោកស្រី ក៏បានឯកភាពគ្នាធ្វើការកែសម្រួលកម្មវត្ថុនៃលិខិតស្នើសុំ ឱ្យស្របតាមច្បាប់ ដោយបានចុះហត្ថលេខា លើកំណត់ហេតុ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដូចមានក្នុងឯកសារយោងខាងលើ។
ស្រាប់តែនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សមាគមគ្រូបង្រៀនឯករាជ្យបានធ្វើការបាតុកម្មលើ ទ្រូងផ្លូវសាធារណៈ នៅក្បែរទីលានប្រជាធិបតេយ្យឫស្សីកែវ ហើយបន្តដើរដោយថ្មើរជើងតាមដងផ្លូវឆ្ពោះ ទៅសាលាដំបូងរាជធានីភ្នំពេញ។ ទង្វើខាងលើនេះ ជាសកម្មភាពមិនស្របច្បាប់ ដូចខាងក្រោម៖
១. មិនស្របមាត្រា ៥ នៃច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ដោយសារលោក និងលោកសី្រ មិនបានជូនដំណឹងមករដ្ឋបាលរាជធានីភ្នំពេញ សារជាថ្មីឡើយ។
២. មិនស្របមាត្រា ១៦ នៃច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ដោយសារសកម្មភាពខាងលើ មិនបានជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច បង្កឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
រដ្ឋបាលរាជធានីភ្នំពេញសូមព្រមានជាលាយលក្ខណ៍អក្សរចំពោះលោក-លោកស្រី ហើយស្នើឱ្យ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពប្រមូលផ្ដុំជួបជុំសម្ដែងមតិ ដែលមិនស្របតាមច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធី។ ក្នុងករណីដែលលោក និងលោកស្រីនៅតែបន្តសកម្មភាពបែបនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានតាមផ្លូវច្បាប់ជាធរមាន៕
ដោយ ៖ សិលា