ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភលំនៅដ្ឋាននិងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសបន្ទាប់ពីមានជម្លោះជាមួយប្រពន្ធ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលស្រុកបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភលំនៅដ្ឋាននិងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសបន្ទាប់ពីមានជម្លោះជាមួយប្រពន្ធរបស់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤២នាទីយប់ថ្ងៃទី២៩ខែធ្នូឆ្នាំ២០២២ស្ថិតនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាចស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ លី កក្កដា ភេទ ប្រុសអាយុ ៤១ ឆ្នាំជនជាតិខ្មែរ មុខរបរអាជីវករ រស់នៅសង្កាត់ ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពបន្តថា បន្ទាប់ពី ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ត្រាចបានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ កែ ផារី ភេទ ស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែររស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ថាមានករណីរំលោភលំនៅដ្ឋាននិងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសមួយកើតឡើង បណ្ដាលឱ្យគាត់រងរបួសស្រាលដោយសារជនសង្ស័យបានរុញឱ្យគាត់ដួលលើដី។

ក្រោយមក ជនសង្ស័យ បានដាល់បំបែកកញ្ចក់បង្អួចចំនួន១ផ្ទាំងយកកៅអីជ័រវាយបំបែកទ្វារកញ្ចក់ផ្ទះខាងមុខចំនួន២ផ្ទាំង ជាកម្មសិទ្ធិរបស់ឈ្មោះ កែ សត្ថា ភេទស្រីអាយុ ៦០ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែកដែលជាម្ដាយក្មេករបស់ជនសង្ស័យដោយសារតែមានជម្លោះជាមួយប្រពន្ធយ៉ាងខ្លាំង។

ប្រភពបន្តថាក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់អន្តរាគមន៍និងឃាត់ខ្លួនមកសាកសួរតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុករមាសហែក ដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖