អន្តរជាតិ៖ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក បានអះអាងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា យន្តហោះចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិន បានហោះកៀកនឹងយន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិកនៅលើសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុន ដែលអ្នកបើកបរយន្តហោះអាមេរិកត្រូវចាត់វិធានការគេចវេះ។ នេះបេីយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន RT នៅព្រឹកថ្ងៃសៅរ៍ទី៣១ ខែធ្នូ ឆ្នាំ២០២២។
បើយោងតាមមន្ត្រីអាមេរិកបាននិយាយថា វីដេអូដែលបានចេញផ្សាយបង្ហាញថា យន្តហោះ PLA ហោះយឺតៗឆ្ពោះទៅកាន់យន្តហោះអាមេរិកជិតប្រាំមួយម៉ែត្រ កៀកគ្នាបំផុត ដែលអាមេរិកចាត់ទុកថាជាទង្វើដ៏គ្រោះថ្នាក់បង្កឡើងដោយយន្តហោះយោធាចិន។
យោធាអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧប្បត្តិហេតុដែលជាប់ពាក់ព័ន្ធនឹងយន្តហោះកងទ័ពជើងទឹកចិន J-11 និងយន្តហោះកងទ័ពអាកាសអាមេរិក RC-135 បានកើតឡើងនៅថ្ងៃទី ២១ ខែធ្នូកន្លងទៅ។
ដោយឡែកជុំវិញបញ្ហានេះដែរ ទីក្រុងប៉េកាំងមិនទាន់បានឆ្លើយតបចំពោះឧប្បត្តិហេតុនេះនៅឡើយទេ៕
ដោយ៖ ស តារា(រូបភាព៖ RT)