ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងយុទ្ធនាការ «ទីលានកីឡាស្អាត និងបៃតង» ដែលប្រព្រឹត្តទៅនៅកីឡដ្ឋានជាតិមរតកតេជោ។
ក្នុងយុទ្ធានាការនោះ មានការចូលរួមពីលោក កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងមានការចូលរួមពីតំណាងសាលារាជធានីភ្នំពេញ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ ក្រុមកីឡាករកីឡាការនី ប្រជាពលរដ្ឋក្នុងខណ្ឌជ្រោយចង្វា និងបុគ្គលិកកីឡដ្ឋានមរតកតេជោប្រមាណ៥០០នាក់។
នាឱកាសនោះ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថាការងារសំអាតអនាម័យបរិស្ថាន មិនមែនយើងធ្វើតែមួយថ្ងៃនេះទេ តែយើងត្រូវធ្វើឱ្យបានជាប្រចាំ។ កម្មវិធីនេះចង់បង្ហាញថាគ្រប់ទីលាននៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ យើងចង់បានទីលានប្រកួតទាំងអស់ស្អាត និងបៃតង ដើម្បីជាមុខមាត់នៃប្រទេសជាតិយើងទាំងមូល។
ជាមួយគ្នានេះ លោក កែន សេរីរដ្ឋា ក៏បានបញ្ជាក់ដែរថា ក្រសួងបរិស្ថានសូមចូលរួមអបអរសាទរ និងគាំទ្រនូវយុទ្ធនាការនេះ ដែលជាសារអប់រំ និងជាចំណេះដឹងជូនដល់ប្រជាពលរដ្ឋពីយល់ដឹងពីភាពស្អាត និងបៃតងរបស់កម្ពុជា៕
ដោយ៖ស តារា