ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ៖ ភ្ញៀវទេសចរ២លាននាក់ ធ្វើដំណើរឆ្លងឆ្នាំសកល២ថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ ៖  នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបប្រមាណ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។ នេះបើយោងតាមការបង្ហោះ របស់ផេកផ្លូវការរបស់ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។ 

ក្រសួងទេសចរណ៍ បានលើកឡើងថា, គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖

-រាជធានីភ្នំពេញ ៤៥៥,៨៣២នាក់

-ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់

-ខេត្តសៀមរាប ៣៣៧,៧៦៩នាក់

– ខេត្តកំពត ៣៣០,៦៥៩នាក់

-ខេត្តបាត់ដំបង ១៥៨,១១០នាក់

– ខេត្តកែប ៨៨,៣៥៦នាក់

– ខេត្តត្បូងឃ្មុំ ៨៤,៦៨៣នាក់

– ខេត្តកំពង់ចាម ៧៦,៩០១នាក់។

ក្រសួងទេសចរណ៍បញ្ជាក់ថា, តួលេខខាងលើមានការកើនឡើង៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។

ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង៤៥ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោជាដើម។

គោលដៅទេសចរណ៍នានាទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%។

ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម ៕


ប្រភព ៖ ក្រសួងទេសចរណ៍


ចែករំលែក៖