ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនិងម៉ូតូបុកគ្នាបណ្តាលឱ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ គ្រោយពីបើកម៉ូតូចេញពីហូបការបងប្អូនត្រឡប់ទៅផ្ទះវិញក៏បុកជាមួយរថយន្ត ។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងសង្កាតព្រៃស ខណ្ឌដង្កោ។

   សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សឿន ធៀក អាយុ៤២ឆ្នាំ មុខរបរធ្វើការផ្នែកចាក់សាំង មានស្រុកកំណើតនៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

   ប្រភពព័ត៌មានពីស្ត្រីម្នាក់នៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញម៉ូតូម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខកណ្តាល 1V-9824 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ៣០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ក្បែចំណុចកើតហេតុក៏បានប៉ះជាមួយនឹងឡំប្រឺតា រួចក៏បានឈប់ម៉ូតូហើយបានសុំទោសទៅលើភាគីម្ចាស់ឡំប្រឺតា រួចហើយក៏បានបន្តដំណើរទៅមុខទៀត ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តម៉ាកតូយ៉ូតាកាមរី ពណ៌សពាក់ស្លាកលេខភ្នំពេញ 2D-1374 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នា ពីជើងមកត្បូងចំពីមុខពេញទំហឹង បណ្ដាលឲ្យប៉ើងជនរងគ្រោះជាប់លើដំបូលរថយន្ត ភ្លាមនោះដែរប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសាមុយឱ្យមកដឹកយកបុរសរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗ ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេក បានស្លាប់នៅឯមន្ទីរពេទ្យ។

   បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃសបានចុះមកដល់រួចឃាត់ខ្លួនអ្នកបើកបររថយន្តយកទៅសួរនាំ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ។ ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖