ខេត្តក្រចេះ ៖ ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយអរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រដល់បក្សប្រជាជនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២ និងស្នើដល់ប្រជាពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តទៀតក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងដោយផ្ដាំទៅក្រុមដែលចង់ផ្លាស់ប្ដូររដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ថា «អ្នកមិនទាន់ជាដៃគូ» របស់សម្ដេច ឬគណបក្សប្រជាជននៅឡើយទេ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «សន្ដិភាពនិងការអភិវឌ្ឍន៍ជាសមិទ្ធផលរបស់យើងទាំងអស់គ្នា ជាពិសេសការគ្រប់គ្រងប្រទេសឱ្យមានសន្ដិភាព និងសមត្ថភាព នយោបាយ អ្នកដែលអាចធ្វើបានគឺមានតែអ្នកដែលនៅជាមួយប្រជាជន ៤៤ឆ្នាំរួចទៅហើយ»។
សម្ដេចតេជោបានផ្ដាំទៅក្រុមប្រឆាំងថា ពួកគេមិនសមជាដៃគូប្រកួតប្រជែងរបស់សម្ដេចនោះទេ ហើយប្រាប់ឱ្យបន្តរង់ចាំបន្តទៀតដែលអាចចាំដល់ជាតិក្រោយផងក៏មិនឈ្នះសម្ដេចតេជោដែរ។
សម្ដេចតេជោ ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជានៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះមានរយៈពេល ៣៨ឆ្នាំហើយ ដែលជានាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេមួយនៅលើពិភពលោក ហើយការដែលអាចកាន់តំណែងបានយូរនេះដោយសារតែសម្ដេចជាអ្នកដើរតាមរាជានិយមដ៏ស្មោះត្រង់និងពិតប្រាកដមួយរូប។
សម្ដេចតេជោ ហ៊ុន សែន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ បន្ទាប់ពីធ្វើជារដ្ឋមន្ត្រីការបរទេសអស់រយៈពេល ៦ឆ្នាំ (ឆ្នាំ១៩៧៩-ឆ្នាំ១៩៨៥) និងធ្វើនាយករដ្ឋមន្ត្រីស្ដីទីប្រមាណ ៣ខែ បន្ទាប់ពីលោក ចាន់ ស៊ី ចេញទៅសហភាពសូវៀតដើម្បីព្យាបាលជំងឺ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍លើកឡើង ពីសម័យតស៊ូរបស់សម្ដេចនៅលើទឹកដីខេត្តក្រចេះ ក្នុងឆ្នាំ ១៩៧០ និងឆ្នាំ១៩៧៨ ក្នុងនាមជាកូនទាហាន និងជាអ្នកដឹកនាំកងទ័ព ប្រឆាំងនឹងបនប្រល័យពូជសាសន៍ ប៉ុល ពត ។
សម្ដេចមានប្រសាសន៍ថា, បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍដែរ សម្ដេចគាត់ធ្លាប់បានសន្យាជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងថ្ងៃដែលសម្ដេចធ្លាប់អញ្ជើញមកសម្ពោធសាកលវិទ្យាល័យខេត្តក្រចេះ ថានឹងរៀបចំកសាងស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ។
បច្ចុប្បន្នគឺបានចាប់ផ្ដើមសាងសង់ ដូចអ្វីដែលសម្ដេចបានបញ្ជាក់កន្លងមក។ ដូច្នេះការកសាងមានរយៈពេលត្រឹមតែ ៤២ ខែប៉ុណ្ណោះ បងប្អូនអ្នកខេត្តក្រចេះនិងបានសមិទ្ធផលថ្មី គឺស្ពានឆ្លងទន្លេមេគង្គ៕
ដោយ ៖ សិលា