ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់សមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនិងការ កាន់កាប់អាវុធខុសច្បាប់ និង បាញ់បោះសេរីនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យជាជនជាតិវៀតណាម៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិតចុះបង្ក្រាបនិងឃាត់ខ្លួនយកមកសាកសួរពាក់ព័ន្ធនិងការ កាន់កាប់អាវុធខុសច្បាប់  និង បាញ់បោះសេរី។

ការឃាត់ខ្លួននេះធ្វើឡើងនាថ្ងៃទី ២ ខែ មករា ឆ្នាំ២០២៣នៅចំណុចផ្ទះល្វែងខាងលិចក្លិបយីហោ៦៩ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថាជនសង្ស័យមានទី ១-ឈ្មោះ ច្រឹង ហ្វាងហៀប ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូពិភពថ្មី  (អ្នកកាន់អាវុធ) ។

ទី ២-ឈ្មោះ ង្វៀង វ៉ាន់ហ្វាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។

ទី ៣-ឈ្មោះ ជិន ភឿងកាន់ (TRINH PHUONG CANH) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។

ទី ៤-ឈ្មោះ ហ្វាម ឌឹកដុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ  (អ្នកបើកបររថយន្ត) ។

ចំណែកឯ វត្ថុតាងរួម ដែលសមត្ថកិច្ច នគរបាល ដកហូតបាន រួមមាន៖ កាំភ្លើងខ្លីមួយដើមម៉ាក ZORAKI ,  គ្រាប់ចំនួន៤គ្រាប់,  និង រថយន្ត ចំនួន ១គ្រឿងម៉ាក VELLFIRE ពណ៌ខ្មៅ ។

ប្រភពបន្តថាបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាមានករណីបាញ់បោះសេរីនៅចំណុចផ្ទះល្វែងខាងលិចក្លិបយីហោ៦៩ភ្លាមសមត្ថកិច្ចនគរបាលក្រុងបានសហការជាមួយកំលាងប៉ុស្តិ៍រដ្ឋបាលធ្វើការស្រាវជ្រាវចុះបង្ក្រាបឈានទៅរកការឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់មកសាកសួរ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៤នាក់ដែលជាជនជាតិវៀតណាមសមត្ថកិច្ចនគរបាលក្រុងបាវិតបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖