ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរឆ្នាំថ្មី ចំណងដៃថ្មីឆ្នាំ២០២៣ ផ្លូវបេតុងមួយខ្សែសម្រាប់បងប្អូននៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងត្រៀមកសាងក្នុងពេលឆាប់ៗខាងមុខនេះ

ចែករំលែក៖

   ខេត្តស្វាយរៀង៖ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀងបានថ្លែងថា ដើម្បីអបអរសាទរឆ្នាំថ្មី ចំណងដៃថ្មីឆ្នាំ២០២៣ ផ្លូវបេតុងមួយខ្សែសម្រាប់បងប្អូនប្រជាពលរដ្ឋនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង  ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ធនធានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB) បានសិក្សាបញ្ចប់រួចរាល់ហើយ ត្រៀមកសាងក្នុងពេលឆាប់ៗខាងមុខនេះ។

   ការថ្លែងបែបនេះរបស់លោកអភិបាលក្រុងស្វាយរៀងធ្វើឡើងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣កក្នុងកិច្ចប្រជុំជាសាធារណៈជាមួយប្រជាពលរដ្ឋ និងអ្នកទទួលផលពីគម្រោងជួសជុលផ្លូវដីក្រាលបេតុងអាម៉េ ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ(ធនធានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB)  និងលោក ជរ គឹមអាន់ តំណាង ក.វ.ក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជេីញចូលរួមពីលោក សរ សុដានី អភិបាលរងក្រុង លោកនាយករដ្ឋបាលសាលាក្រុង ក្រុមការងារបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោង ក្រុមការងាររដ្ឋបាលក្រុង ក្រុមការងារសង្កាត់ស្វាយតឿ និងប្រជាពលរដ្ឋភូមិស្វាយតឿ សង្កាត់ស្វាយតឿជាច្រើននាក់ផងដែរ។

   លោកអភិបាលក្រុងស្វាយរៀងបានបន្តថា សូមអគុណសន្តិភាព បើមិនមានសុខសន្តិភាពក៏មិនមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះដែរ ពិសេសក្នុងថ្ងៃនេះតែម្ដងដែលរដ្ឋបាលក្រុងស្វាយរៀងទទួលបានហិរញ្ញប្បទានពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ធនធានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB) បានសិក្សាបញ្ចប់រួចរាល់ហើយ និងត្រៀមកសាងក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជាតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងការធ្វើដំណើរឆ្លងកាត់។

    លោកបានបន្តថា ក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្អូនប្រជាពលរដ្ឋនិងបានកសាងសមិទ្ធផលនានាជាច្រើននៅទូទាំងខេត្ត ក៏ដូចជានៅក្រុងស្វាយរៀងផងដែរ។

    ក្នុងឱកាសនោះ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋភូមិស្វាយតឿ សង្កាត់ស្វាយតឿនៅពេលទទួលបានសមិទ្ធផលថ្មីផ្លូវចាក់បេតុងមួយខ្សែនេះហើយសូមចូលរួមថែរក្សាឱ្យបានគង់វង្ស ទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ពិសេសបានធ្វើការផ្តាំផ្ញើដល់មន្រ្តី លោកចៅសង្កាត់ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរនិងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ឱ្យបានទាន់ពេលវេលាផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖