សារព័ត៌មានស៊ីនហួ នៅថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣បានផ្សាយថា រដ្ឋាភិបាលបាននិយាយឱ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សជាង ៣៣,០០០នាក់បានផ្លាស់ទីលំនៅ ដោយសារទឹកជំនន់ដែលបានសម្លាប់មនុស្សចំនួន៥១នាក់នៅក្នុងប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុន ខណៈដែលពួកគេកំពុងស្ថិតក្នុងជម្រកបណ្តោះអាសន្ននៅឡើយ។
នាយកដ្ឋានសុខុមាលភាពសង្គម និងការអភិវឌ្ឍបាននិយាយថា អ្នកជម្លៀសទាំងនេះមកពីតំបន់ចំនួនប្រាំដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ ដែលបានវាយប្រហារប្រទេសប្រជុំកោះមួយនេះនៅថ្ងៃបុណ្យណូអែល។
ក្រុមប្រឹក្សាកាត់បន្ថយនិងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិបាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥១នាក់ហើយ ហើយអាជ្ញាធរកំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន១៩នាក់ទៀត។
ទឹកជំនន់បានបង្ខំឱ្យរដ្ឋាភិបាលផ្លាស់ទីមនុស្សជិត ៦០០,០០០នាក់នៅក្នុងតំបន់ចំនួន១០នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ទៅកាន់កន្លែងសុវត្ថិភាព។
ហ្វីលីពីនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុតនៅទូទាំងពិភពលោក ភាគច្រើនដោយសារតែទីតាំងរបស់ខ្លួននៅក្នុងរង្វង់ភ្លើងប៉ាស៊ីហ្វិក និងខ្សែក្រវាត់ព្យុះទីហ្វុងប៉ាស៊ីហ្វិក។ ជាមធ្យម ប្រទេសនេះជួបប្រទះព្យុះទីហ្វុងចំនួន២០ក្នុងមួយឆ្នាំ ដែលមួយចំនួនមានកម្លាំងខ្លាំងនិងបំផ្លិចបំផ្លាញ៕
ដោយ៖ ធីរីណា(រូបថត ៖ Sputnik)