ភ្នំពេញ៖ នៅព្រឹកទី០៤ខែមករាឆ្នាំ២០២៣នេះលោកញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងបានអញ្ជើញចុះពិនិត្យការជួសជុលគម្របនិងស្តារលូដែលខូចៗនៅចំណុចផ្លូវ២៨គ្រួសារ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមរំលឹកផងដែរថា កន្លងមកលោកចៅសង្កាត់តែងតែចុះពិនិត្យនិងការស្ថាបនាក៏ដូចជាការជួសជុលផ្លូវនៅក្នុងសង្កាត់គោកឃ្លាងតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលបានស្នើសុំនិងរាយការណ៍មក។
លោកចៅសង្កាត់គោកឃ្លាងបានឱ្យដឹងថា រាល់ផ្លូវទាំងអស់ដែលមិនទាន់បានជួសជុល គឺក្រុមប្រឹក្សាសង្កាត់បានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ក្រុមប្រឹក្សាសង្កាត់ដែលយើងនឹងធ្វើការជួសជុលស្ថាបនាជាជំហានៗ ទៅតាមកញ្ចប់ថវិកាផ្នែកអភិវឌ្ឍន៍ស្របទៅតាមកម្មវិធីវិនិយោគប្រចាំឆ្នាំ ដែលបានកំណត់ដោយក្រុមប្រឹក្សាសង្កាត់។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០២៣នេះលោកចៅសង្កាត់បានដឹកនាំក្រុមការងារចុះពិនិត្យការជួសជុលគម្របនិងស្តារលូដែលខូចៗនៅចំណុចផ្លូវ ២៨គ្រួសារ ក្នុងភូមិរោងចក្រនិងបន្តពិនិត្យជួសជុលកន្លែងផ្សេងៗទៀតផងដែរ។ លោកចៅសង្កាត់ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមជួយថែទាំនូវសមិទ្ធផលនេះទាំងអស់គ្នា។
គេសង្កេតឃើញថា សង្កាត់គោកឃ្លាងជាសង្កាត់មួយក្នុងចំណោមសង្កាត់ជាច្រើនទៀតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍច្រើន ពិសេសទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានានិងភាពរហ័សរហួនផ្នែកសេវាផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អក្រោមការដឹកនាំរបស់លោកញ៉ាត សាម៉េត ៕
ដោយ៖ចន្ទ លីហ្សា