ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូបត់ឆ្លងផ្លូវមិនប្រុងប្រយ័ត្នត្រូវអ្នកបើកបរម៉ូតូមួយគ្រឿងទៀតបើកលឿនបុកបណ្ដាលឱ្យរងរបួសធ្ងន់និងស្រាល៤នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ តាមប្រភពពីមន្ត្រីនគរបាលផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានក្រុងប៉ៃលិបានឱ្យដឹងថា  កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១២និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូ នៅចំណុចលើផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ចំនួន០១នាក់(ស្រី) និងរងរបួសស្រាលចំនួន០៤នាក់(ស្រី), ខូចខាតម៉ូតូកម្រិតមធ្យមចំនួន០២គ្រឿង ។

   ប្រភពពីសមត្តកិច្ចជំនាញបានបន្តថា ទី១-ភាគីបង្កឈ្មោះ ឈាន កុសល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងសិប្បកម្ម រស់នៅភូមិអូរច្រាលិច សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(រងរបួសស្រាល) បើកបរម៉ូតូម៉ាកវីវ៉ា ស៊េរីចាស់ ពាក់ស្លាកលេខ បាត់ដំបង1A-

9683(ម៉ូតូខូចខាតមធ្យម) បើកបរក្នុងទិសដៅពីជើងទៅលិចបត់ឆ្លងផ្លូវ ត្រូវអ្នកបើកបរម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ បើកក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនបុកតែម្ដង។

ទី២-ភាគីរងគ្រោះ ឈ្មោះ ស៊ុន មករា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្រចាប់ក្រោម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសធ្ងន់បាក់ភ្លៅឆ្វេង) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ2019 ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1C- 9450(ម៉ូតូខូចខាតមធ្យម)។ ទី៣-អ្នករួមដំណើរឈ្មោះ ស៊ុន វត្តី ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្រចាប់ក្រោម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសស្រាល)។ ទី៤-ឈ្មោះ រឿន សុជីតា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្រចាប់ក្រោម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(គ្មានរបួស)។ 

   មូលហេតុៈ បណ្តាលមកពីកត្តាមនុស្សបេីកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងបត់មិនគោរពផ្លូវអាទិភាព។

   សមត្ថកិច្ចជំនាញបានបន្តទៀតថា ភាគីបង្កក្រោយពីជំនាញធ្វើការសាកសួរបានឱ្យសាច់ញាតិបងប្អូនធានាឱ្យត្រលប់ទៅផ្ទះវិញរង់ចាំការដោះស្រាយ។ ចំណែកភាគីរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

    ចំពោះករណីខាងលើនេះ កម្លាំងជំនាញផែនសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានយកវត្ថុតាងទាំងសងខាងមករក្សាទុក រង់ចាំការដោះស្រាយតាមនីតិវិធី៕

ដោយ៖ស សារ៉េត


ចែករំលែក៖