ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ រវាង​រថយន្តបុកគ្នាជាមួយម៉ូតូ នៅស្រុកឱរ៉ាល់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់​ នៅនឹងកន្លែងកើតហេតុ​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ​ កាលពីព្រឹកថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ នៅចំណុចលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ៣០-៣១ ស្ថិតនៅក្នុងភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ​ បានឱ្យដឹងថា​ មុនពេលកើតហេតុ មានរថយន្ត០១គ្រឿងមិនស្គាល់ម៉ាក និងអត្តសញ្ញាណ(បើករថយន្តរត់គេចខ្លួនបាត់) បើកបរក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានទៅបុកម៉ូតូ០១គ្រឿង ម៉ាកSUZUKI SMASH REVO ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1P-8201 បើកបរដោយឈ្មោះយឹម យ៉េន ភេទប្រុស អាយុ៧៧ឆ្នាំ រស់នៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈកំពុងបើកបរស្របទិសគ្នា បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុកម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់សពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូ ត្រូវបានចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ​៖សហការី​


ចែករំលែក៖