ខេត្តកំពត ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបេីកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រ នៅលេីខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ខេត្តកំពត នៅព្រឹកថ្ងៃពុធ ១៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា, រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុន សុខា អូតែល សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ លើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងភូមិសាស្ត្រវាលស្រែ៥០០ នៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ដោយគោរពទៅតាមប្លង់មេ និងរចនាប័ទ្មដែលក្រុមការងារអន្តរក្រសួងបានសម្រេចឯកភាព ដោយមាន ការគាំទ្រពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។
ការសាងសង់ព្រះពុទ្ធប្បដិមានេះ នឹងចូលរួមចំណែកលើកកម្ពស់ការគោរពព្រះពុទ្ធសាសនាក្នុង ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបង្កើតនូវសក្តានុពលទេសចរណ៍ថ្មីមួយទៀត នៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ៕
ដោយ ៖ សិលា