ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងផ្នែកសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំនួន០១ករណី ក្នុងបទល្មើសជាក់ស្តែង។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធទី០៤ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា៖ ជំហ៊ានដំបូងកម្លាំងសមត្ថកិច្ចជំនាញស្រុក បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី១.ឈ្មោះ ចាន់ វ៉ាន់ឌី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្តីលេី ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងទី២.ឈ្មោះ ជឿន បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ជាលទ្ធផលវត្ថុតាងចាប់យកបានរួមមាន ៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ០.៤៣ក្រាម ។ -ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
ឆ្លងតាមចម្លើយរបស់ជនសង្ស័យឈ្មោះ ចាន់ វ៉ាន់ឌី និងឈ្មោះ ជឿន បញ្ញា និងដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅយប់ថ្ងៃ០៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២១និង៤០នាទី នៅចំណុចក្រុមទី៦ ភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានបន្តប្រតិបត្តិការនាំខ្លួនជនសង្ស័យបានចំនួន ០២នាក់ទៀត ទី១.ឈ្មោះ ជឿន សុខជា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ បាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងទី២.ឈ្មោះ ធឿន ស្រីពៅ ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ២.៥៧ក្រាម ។ -ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាង កម្លាំងនគរបាលស្រុកឯកភ្នំបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី ៕
ដោយ៖សហការី