ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលការពារព្រំដែនគោក៨០៧ និងយោធាឈុតខ្មៅថៃ១២០៧ ប្តេជ្ញារួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ

ចែករំលែក៖

  ខេត្តបន្ទាយមានជ័យ៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​០៥​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលការពារព្រំដែនគោកទាំងអស់ត្រូវ ទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ពង្រឹងកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ និងសមត្ថកិច្ចថៃតាមព្រំដែនដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារប្រចាំថ្ងៃ ។

ជាក់ស្ដែង​ដោយមានការណែនាំ និងការដាក់ចេញបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៤ ខែមករាម្សិលមិញនេះ​ លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ បានចាត់តាំងលោកអនុសេនីយ៍ត្រី អ៊ិន ឆៃយ៉ា នាយរងប៉ុស្តិ៍ឣូរសាយ ដឹកនាំកម្លាំងចំនួន ០៤នាក់ សហការជាមួយកម្លាំងយោធា សឹករងថ្មពួកចំនួន ០២នាក់ ដឹកនាំដោយលោកឣនុសេនីយ៍ឯក ចែម ភាព មេបញ្ជាការរងកងអនុសេនាធំទី១ បានជួបពិភាក្សា ការងារជាមួយ ភាគីថៃនៅគោលដៅប៉ុស្តិ៍លេខ១៤ថៃ ទឹកដីខាងព្រំដែនថៃ ភាគីថៃមានចំនួន ០៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ សាឡូត យោថា មេបញ្ជាការរង (ក.អ.ធ) លេខ១២០៦ ដើម្បីពង្រឹងសហប្រតិបត្តិការ រួមគ្នាលុបបំបាត់ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមព្រំដែន ។

ជំនួបពិភាក្សានោះភាគីកម្ពុជា-ថៃ បានផ្តោតលើការងារសំខាន់ៗចំនួន ៣ ៖

១-ទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់បទល្មើសឆ្លងដែន ខុសច្បាប់គ្រប់ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែន ។

២-គ្រប់គ្រងទប់ស្កាត់គ្រឿងញៀនខុសច្បាប់ និងការរត់ពន្ឋឣាវុធ-គ្រាប់ ។

៣-រាល់ការចុះត្រួតពិនិត្យបង្គោលសីមា និងចុះគោលដៅផ្សេងៗតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្នើឲ្យមានការជូនដំណឹងជាមុន ៕

ដោយ​៖សហការី​


ចែករំលែក៖