ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីពន្លះគ្នាជាមួយរថយន្តកូរ៉េដឹកត្រីធ្វើឱ្យអ្នកបើកបរម្នាក់រងរបួសធ្ងន់និងស្ត្រីរួមដំណើរម្នាក់រងរបួសស្រាល

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ រថយន្តពីរគ្រឿងបានពន្លះគ្នាពេញទំហឹង ខណៈដែលបើកបរបញ្ច្រាសទិសគ្នាខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យអ្នកបើកបរម្នាក់រងរបួសធ្ងន់ និងស្ត្រីរួមដំណើរម្នាក់ទៀតរងរបួសស្រាល រីឯតៃកុងរថយន្តកូរ៉េដាក់មេប្រូច។      ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣៖៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្រែពោធិ៍ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ 

   បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលចរាចរណ៍បានឱ្យដឹងថា: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ធ្វើឱ្យមនុស្សម្នាក់រងរបួសធ្ងន់ និងស្ត្រីម្នាក់ទៀតជាអ្នករួមដំណើររងរបួសស្រាល ចំណែករថយន្តកូរ៉េពាក់ស្លាកលេខ3A-1101 ខូចខាតស្រាល។

រីឯរថយន្តកាមរីឆ្លាមពាក់ស្លាកលេខ 2Q-8254ខូចខាតធ្ងន់ បើកបរដោយឈ្មោះ សុះ រូសាក់ ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអូរឫស្សីកណ្តាល ខេត្តស្ទឹងត្រែង រងរបួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ស្ទឹងត្រែង។

    ចំណែកអ្នករួមដំណើរឈ្មោះ ម៉ាត់ សាំរី ភេទស្រី អាយុ២៨ឆ្នាំ  រស់នៅភូមិអភិវឌ្ឍន៍ ឃុំអូរឫស្សីកណ្តាល ខេត្តស្ទឹងត្រែងរបួសស្រាល។ រថយន្តទាំងពីរគ្រឿងបានបើកបរបញ្ច្រាសទិសគ្នា ដោយរថយន្តកាមរីឆ្លាមបើកបរក្នុងទិសដៅពីជើងទៅត្បូង បានបុកជាមួយរថយន្តកូរ៉េដឹកត្រីដែលបើកបរពីត្បូងទៅជើង ហើយក្រោយកើតហេតុអ្នកបើកបររថយន្តកូរ៉េបានរត់គេចខ្លួនបាត់។

ចំណែករថយន្តទាំង២គ្រឿងសមត្ថកិច្ចបានស្ទូចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

ដោយ៖ មាស សុផាត


ចែករំលែក៖