ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ៖ កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅទេសចរចិន ខណៈកម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ នៅឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា, ប្រទេសចិនជាប្រទេសធំ មានប្រជាជនច្រើន ជាទីផ្សារ ទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់ និង ពិភពលោក និងជាប្រទេសមួយដែរនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា និងមានទំនាក់ទំនងសហប្រតិបត្តិការ ការតភ្ជាប់ជើងហោះហើរ និងការដឹកជញ្ជូនល្អ ជាពិសេស គឺចំណងមិត្តភាពដ៏រឹងមាំជាយុទ្ឋសាស្ត្រ សហគមន៍ជោគវាសនារួម ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ថាទីផ្សារទេសចរណ៍ចិន ជាទីផ្សារអាទិភាព ខ្ពស់បំផុតសម្រាប់អាស៊ាន ក៏ដូចជាកម្ពុជា។

មុនវិបត្តិជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ ១៥៥ លាននាក់ ស្មើនឹង ១០% នៃទេសចរពិភពលោក (១៥០០លាននាក់) នាំមកនូវចំណាយ ទេសចរណ៏ ប្រមាណ ២៥៨ប៊ីលានដុល្លារ ស្មើនឹង ១ ភាគ ៥ នៃចំណាយទេសចរណ៍ពិភពលោក (១,៣ ទ្រីលានដុល្លារ)។ សម្រាប់តំបន់អាស៊ាន ក៏ទទួលបានទេសចរចិនចំនួន ៣២,២លាននាក់ ស្មើនឹង ២២, ៥% នៃទេសចរពិភពលោក ដែលក្នុងនោះថទទួលបាន ១១លាននាក់, សិង្ហបូរីទទួលបាន ៣,៤លាននាក់ និងម៉ាឡេស៊ីទទួលបាន ៣,១ លាននាក់។ ដោយឡែក ទេសចរចិនមកកម្ពុជា នៅឆ្នាំ២០១៨ មានជាង ២,៣លាន នាក់ ស្មើនឹង ៣៥, ៧% នៃទេសចរអន្តរជាតិសរុប (៦,៦ លាននាក់) គិតជាចំណូល ស្មើប្រមាណ ១ ៨០០លានដុល្លារអាមេរិច លើចំណូលទេសចរណ៍សរុបប្រមាណ ៥ ប៊ីលានដុល្លាររបស់កម្ពុជា ខណៈដែល ឆ្នាំ២០១៩ កម្ពុជាក៏ទទួល បានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ធនឹងទេសចរណ៍ប្រមាណជាង ៥០% នទុនវិនិយោគបរទេស (FDI)សរុបរបស់កម្ពុជា។

ប៉ុន្តែ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២២ ស្ថានភាពនៃទីផ្សារ ទេសចរណ៍ចិនមានការផ្លាស់ប្តូរយ៉ាងរហ័ស និងបានធ្លាក់ចុះយ៉ាងគំហុកទៅកាន់គ្រប់គោលដៅ ទេសចរណ៍ក្នុងពិភពលោកទាំងមូល ដោយសារការដាក់ចេញនូវរបាំងនៃការធ្វើដំណើរចេញក ប្រទេសរបស់ចិន។

សម្រាប់ឆ្នាំ២០២៣ ក្រោយវិបត្តិជំងឺឆ្លងកូវីដ ១៩បានធូរស្រាល ស្របតាមនិន្នាការថ្មីៗ និងការណ៍ ដែលរដ្ឋាភិបាលចិនបានការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេស និងការបើកទទួល ទេសចរអន្តរជាតិឡើងវិញ បានផ្ដល់នូវកាលានុវត្តភាពដល់បណ្ដាប្រទេសជាគោលដៅទេសចរណ៍នៅ លើពិភពលោក រួមទាំងកម្ពុជា ក្នុងការស្វាគមន៍ទទួលទេសចរចិនឡើងវិញ។

កម្ពុជាមានសេចក្ដីរីករាយទទួលស្វាគមន៍ទេសចរចិនមកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែក សុខាភិបាល ហើយកម្ពុជា ក៏បានត្រៀមរួចជាស្រេចក្នុងការទទួលទេសចរចិន ក៏ដូចជា ទេសចរអន្តរជាតិផ្សេងទៀតដែរ ដូចដែលបានគូសបញ្ជាក់ និងយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ កាលពីថ្ងៃទី០២ ខែមករា កន្លងទៅនេះ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង អនុវត្តយ៉ាងខ្ជាប់ខ្លួននូវការសម្រួលការធ្វើដំណើរ ដោយបានដកចេញរបាំងសុខាភិបាលតាំងពីក្នុងឆ្នាំ ២០២២ កនែ្លងមក នៅពេល ដែលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ។

សូមប្រកាសបញ្ជាក់ជូនថា កម្ពុជា ជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត ដោយសារ កម្ពុជា ជាប្រទេសដែលបានទទួលនូវការវាយតម្ភពីអង្គការសុខភាពពិភពលោក ជាប្រទេសឈានមុខគេក្នុងការផ្ត ល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទាំងមូលមូលដ្ឋាន និងដួលជំរុញ ច្រើនជាងគេ ដែលបង្កើតបាននូវភាពស៊ាំសហគមន៍យ៉ាងល្អហើយបើកប្រទេសឡើងវិញ បើកសកម្មភាពសេដ្ឋកិច្ច-សង្គម មុនគេក្នុងតំបន់ ដោយបាន ប្រកាន់ខ្ជាប់នូវគោលការណ៍ “ រៀនរស់ជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី”។

ចំពោះទីផ្សារទេសចរចិន ដោយអនុវត្តន៏តាមយុទ្ឋសាស្ត្ររបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) កម្ពុជាតែងតែបានយកចិត្តទុកដាក់ជំរុញយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាច្រើនក្នុងការ ទាក់ទាញទេសចរចិន ដូចជា យុទ្ឋសាស្ត្រ សៀវភៅស China- Ready សម្រាប់ឧស្សាហកម្មទេសចរណ៍ កម្ពុជា ក្នុងនោះមានបង្កើតក្រុមការងារមជ្ឈមណ្ឌល China-Ready Center ការបណ្តុះបណ្តាលភាសា និងវប្បធម៌ចិនដល់មន្ត្រី និងបុគ្គលិក ពង្រឹងមគ្គុទ្ទេសក៏ទេសចរណ៍ភាសាចិន ទាក់ទាញអ្នកវិនិយោគចិន ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍កម្ពុជាត្រៀមទទួលទេសចរចិន លើសេវាកម្មចំនួន៧ (សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋានការីទេសចរណ៍ និង ភ្នាក់ងារទេសចរណ៍, សេវាដឹកជញ្ជូនទេសចរណ៍, រមណីយដ្ឋាន, សេវាកម្សាន្តទេសចរណ៍ និងផ្សារទំនើប និងហាងលក់វត្ថុអនុស្សាវរីយ៍) និងលក្ខណៈវិនិច្ឆ័យចំនួន៥ (បុគ្គលិកជួរមុខចេះចិន និងយល់ពី China- Ready, មានការផ្សព្វផ្សាយតាមអនឡាញជាភាសាចិន, មានឯកសារផលិតផល និងផ្អាកសញ្ញាបកប្រែចិន, សេវាអតិថិជនឆ្លើយតបទីផ្សារចិន និងមានស្ដង់ដាគុណភាពសេវាកម្ម)។

ស្របពេលជាមួយគ្នា ដោយឆ្នាំ២០២៣នេះក៏ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើត ទំនាក់ទំនង ការទូតកម្ពុជា-ចិន និងជាឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) ក្រោម ពាក្យស្លោក “គ្រប់ ថ្ងៃគឺជាអច្ឆរិយភាព” (Every Day Is A Wonder).

សូមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ឋ បន្តជំរុញការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡា និង សកម្មភាពផ្សព្វផ្សាយទេសចរណ៍នានា ទាំងនៅកម្ពុជា និងនៅចិន រួមជាមួយនឹងការផ្តល់សេវាកម្មទេសចរណ៍ ឱ្យបានកាន់តែល្អប្រសើរ និងបដិ សណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅដល់ទេសចរចិន។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍នឹងដាក់ចេញ យុទ្ឋនាការមេត្រីភាពទេសចរចិន “កម្ពុជា-ចិន មិត្តល្អ” ដើម្បីទទួលទេសចរចិននៅឆ្នាំ២០២៣ ផងដែរ។

សក្ដានុពលយ៉ាងធំ នវិនិយោគិន និងទេសចរចិនមកកម្ពុជា នឹងរួមចំណែកដល់ការរីកចម្រើនន វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ ជាមួយការត្រឡប់មកវិញនៃទេសចរចិន កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ នៅឆ្នាំ២០២៥ ដូចការគ្រោងទុកក្នុង ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺក្ខវីដ-១៨។ ក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ រីករាយ និងសូម ស្វាគមន៍ និងបានត្រៀមខ្លួនរួចរាល់ជាស្រេចទទួលវិនិយោគិន និងទេសចរចិន ជាមួយនឹងបដិសណ្ឋាកិច្ច រួសរាយ រាក់ទាក់ដ៏កក់ក្តៅបំផុត៕ 


ដោយ : សុខ ខេមរា


ចែករំលែក៖