ព័ត៌មានទាន់ហេតុការណ៍៖

នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ទិវាជ័យជម្នះ៧មករា នឹងចូលមកដល់ ដែលចំនឹងខួបលើកទី៤៤ នៃការរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍

ចែករំលែក៖

ភ្នំពេញ ៖ អ្វីៗដែលមាននៅថ្ងៃនេះគឺផ្តើមចេញពី សុខសន្តិភាព គណបក្សប្រជាជនកម្ពុជា សម្រេចបានជោគជ័យក្នុងមាគាមហាសាមគ្គី ផ្សះផ្សាផ្ទៃក្នុង បង្រួបបង្រួមជាតិ និងប្រជាធិបតេយ្យ ។

នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ទិវាជ័យជម្នះ៧មករា នឹងចូលមកដល់ ដែលចំនឹងខួបលើកទី៤៤ នៃការរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ដែលបានសម្លាប់ជីវិតមនុស្សអស់ ជាង៣លាននាក់ ក្នុងរយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ។ គណបក្សប្រជាជនកម្ពុជា បានរំដោះជាតិ និងប្រជាជនចេញពីមាត់ជ្រោះមរណៈ ជាពិសេសសម្រេច បានជោគជ័យក្នុងការបង្រួបបង្រួមជាតិរហូតមកដល់បច្ចុប្បន្ននេះ។

សន្តិភាព និងការបង្រួបបង្រួមជាតិ គឺជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់គ្រោះមហន្តរាយដោយសារសង្រ្គាម ដ៏រ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍។ ក្រោយថ្ងៃរំដោះ ៧មករា មក រដ្ឋអំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានពុះពារជំរុញការ អនុវត្តមាគ៌ាមហាសាមគ្គីជាតិ ដើម្បីផ្សះផ្សាជម្លោះផ្ទៃក្នុង បង្រួបបង្រួម ខ្មែរពីគ្រប់និន្នាការនយោបាយ រួមគ្នាបង្កើតសន្តិភាពឡើងវិញ តាមរយៈ នយោបាយប្រកបដោយមនុស្សធម៌ ហើយបានដាក់ចេញគោលនយោបាយ បង្រួបបង្រួមជាតិនៅឆ្នាំ១៩៨៧។ 

ឈរលើមូលដ្ឋាននេះ ជំនួបចរចាដើម្បីស្វែងរកសន្តិភាពនៅកម្ពុជា រវាង សម្តេចព្រះនរោត្តម សីហនុ និងសម្តេច ហ៊ុន សែន បានចាប់ផ្តើមនៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៨៧ នៅប្រទេសបារាំង និងបានបន្តនូវដំណើរការចរចា ជាច្រើន លើកច្រើនសារ ឆ្លងកាត់ការលំបាកស្មុគស្មាញយ៉ាងច្រើន រហូតសម្រេចបាន កិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ 

ការបោះឆ្នោតជាតិលើកទី១ តាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រោមការចាត់ចែង និងត្រួតពិនិត្យរបស់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) បានប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ ដែលបង្កើតបាននូវសភាធម្មនុញ្ញ ហើយសភាធម្មនុញ្ញ បានអនុម័តនូវរដ្ឋធម្មនុញ្ញថ្មីដែលបានកំណត់ថា ប្រទេសកម្ពុជាប្រកាន់របប រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស។ ក្រោមសភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញថ្មីហើយ សភាធម្មនុញ្ញបានប្រែ ក្លាយជាស្វ័យប្រវត្តិទៅជារដ្ឋសភានីតិកាលទី១។ 

បន្ទាប់ពីរដ្ឋសភា និងរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី១ ត្រូវបាន បង្កើតឡើង កម្ពុជាបានឈានចូលដំណាក់កាលថ្មីមួយទៀតគឺ «សន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងអភិវឌ្ឍន៍»។

ក្រោមមាគាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាយករដ្ឋមន្ត្រី បានដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ អាគារសារៀន មន្ទីរពេទ្យ វត្តអារាម អាគារពាណិជ្ជកម្មខ្ពស់ មហាវិថីធំៗ ស្ពានអាកាស ស្ពានឆ្លងទន្លេ ផ្លូវល្បឿនលឿន ជាពិសេសក្នុងពេលថ្មីៗនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះអាស៊ាន សម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់ ជូនជាតិមាតុភូមិ និងនាំយកកិត្តិស័ព្ទទៅកាន់ពិភពលោក ៕

ដោយ៖ សហការី


ចែករំលែក៖