អន្តរជាតិ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣បានឱ្យដឹងថា លោក ឌីមីទ្រី ម៉េដវេដេវ អតីតប្រធានាធិបតី
រុស្ស៉ី បានព្រមានសហរដ្ឋអាមេរិកថា មីស៊ីលល្បឿនលឿនជាងសំឡេងនឹងទៅដល់មាត់សមុទ្ររបស់ NATO ឆាប់ៗនេះបន្ទាប់ពី ស្ថានទូតអាមេរិកបាននិយាយនៅក្នុងវីដេអូមួយដោយបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនរុស្ស៉ីដែលប្រឆាំងនឹងសង្រ្គាមឈ្លានពានអ៊ុយក្រែន។
ទីភ្នាក់ងារ AFP បាននិយាយបន្ថែមថា ការឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែនត្រូវបានគេចាត់ទុកថាជាសង្រ្គាមដ៏ធំបំផុតមួយនៅលើទឹកដីអឺរ៉ុប ចាប់តាំងពីសង្រ្គាមលើកលោកទី២មក ហើយបាននិងកំពុងធ្វើឱ្យទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៉ីធ្លាក់ចុះដុនដាបមិនធ្លាប់មានគិតចាប់តាំងពីសម័យវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២មក។
ជាក់ស្ដែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អតីតប្រធានាធិបតីរុស្ស៉ីរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ “អំណោយដ៏ធំសម្រាប់ឆ្នាំថ្មីនោះគឺមីស៊ីលល្បឿនលឿនជាងសំឡេងហ្សៀខន (Zircon) បានចេញដំណើរកាលពីថ្ងៃម្សិលមិញ (ថ្ងៃពុធសប្ដាហ៍នេះ) ឆ្ពោះទៅរកមាត់សមុទ្រនៃបណ្ដាប្រទេស NATO”។
សូមជម្រាបថា លោក ឌីមីទ្រី ម៉េដវេដេវ លើកឡើងខាងលើនេះគឺចង់សំដៅទៅលើនាវាចម្បាំងមួយគ្រឿងប្រដាប់ដោយមីស៊ីលគ្រូសល្បឿនលឿនជាងសំឡេង ហ្សៀខន (Zircon) ដែលត្រូវបានលោក ពូទីនបញ្ជាឱ្យដាក់ពង្រាយទៅកាន់មហាសមុទ្រអាត្លង់ទិកដើម្បីជាការបង្ហាញសាច់ដុំ។ បើតាមលោក ម៉េដវេដេវ នាវាចម្បាំងនេះអាចនឹងត្រូវដាក់ឱ្យឈរជើងនៅចម្ងាយ ១៦០គីឡូម៉ែត្រពីឆ្នេរសមុទ្រសហរដ្ឋអាមេរិក៕ ដោយ៖ស តារា
រូបថត៖ RT