ភ្នំពេញ ៖ មេដឹកនាំសហជីពនិងសមាជិករបស់ពួកគេយល់ឃើញថា ទិវាជ័យជម្នះ ៧ មករា គឺជាសច្ចធម៌ប្រវត្តិសាស្ត្រដែលប្រជាជនគ្រប់រូប បានចាត់ទុកថ្ងៃនេះជាថ្ងៃកំណើតទី២របស់ខ្លួន ពិសេសគឺជាថ្ងៃបើកទំព័រនៃការកសាងប្រទេស កសាងជីវភាពប្រជាជន កសាងសន្តិភាព កសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាសម្រាប់ជាតិ និងប្រជាជនជាបន្តបន្ទាប់ លើកស្ទួយកិត្យានុភាពជូនជាតិលើឆាកអន្តរជាតិ។ គុណបំណាច់ថ្ងៃ ០៧មករានេះ ត្រូវបានប្រជាជនកម្ពុជាចងចាំជានិច្ច ជាក់ស្ដែងប្រជាជន ក៏ដូចជាតំណាងស្ថាប័ន សហជីព បានប្រារព្ធពិធីរំលឹកខួបទិវាជ័យជម្នះជាបន្តបន្ទាប់។
មន្ត្រីសហជីពកម្ពុជាមួយរូបបានលើកឡើងថា ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមគ្មានអ្នកណាមានសង្ឃឹម ថា រស់មកដល់ពេលនេះនោះទេ។ គ្មានសង្ឃឹមថារស់ ក៏ព្រោះថា នៅពេលនោះប្រជាជនគ្មានសិទ្ធិអ្វីទាំងអស់ សូម្បីតែការហូបចុកក៏មិនបានគ្រប់គ្រាន់ទៅទៀត។ ប៉ុន្ដែក្រោយថ្ងៃរំដោះជាតិ ០៧មករា ប្រជាជនបានរស់រានឡើងវិញ មានសិទ្ធិសេរីភាព និងការបង្កើតសហជីពជាច្រើន។ សម្រាប់លោកផ្ទាល់ នៅតែបន្តគាំទ្រគណបក្សប្រជាជន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំគ្រប់អាណត្តិ។
ដូចគ្នាដែរ លោកស្រី ទេព គឹមវណ្ណារី ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា បានលើកឡើងថា អ្នកស្រីចងចាំគុណ ០៧មករា មិនភ្លេចឡើយ។ មិនភ្លេចក៏ដោយសារតែអំឡុងពេលស្ថិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម អ្នកស្រីភិតភ័យពីការយកទៅសម្លាប់គ្រប់ពេល ហើយលោកស្រីបានបន់ស្រន់សុំឲ្យមានអ្នកជួយសង្រ្គោះ ដោយសច្ចាថា នឹងដឹងគុណមួយជីវិត។ ព្រោះតែហេតុដូច្នេះហើយទើបលោកស្រីតែងតែមានការជួបជុំរំលឹកគុណបំណាច់ ០៧មករា រៀងរាល់ឆ្នាំ។
មេដឹកនាំសហជីពរូបនេះ សង្កត់ធ្ងន់ទៀតថា ក្រៅតែពីការរំលឹកគុណថ្ងៃជ័យជម្នះនេះ អ្នកស្រីក៏ចងចាំមិនភ្លេចនោះដែរអំពីស្ថាបនិកសន្ដិភាពរបស់កម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ អ្នកស្រីអះអាងថា មានសម្ដេចតេជោ ហ៊ុន សែន និងឥស្សរជននៃគណបក្សប្រជាជនកម្ពុជា ទើបប្រទេសមានសន្ដិភាព រីកចម្រើនរហូតមកដល់សព្វថ្ងៃ ព្រោះតែដូច្នេះហើយទើបលោកស្រីគាំទ្រគណបក្សប្រជាជនដើម្បីរក្សាសន្ដិភាពឲ្យគង់វង្សតទៅមុខទៀត។
ថ្ងៃ ៧ មករា មិនមែនគ្រាន់តែរំដោះទឹកដី រំដោះជាតិ សាសនា ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាថ្ងៃដ៏សំខាន់ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាជនពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត ដែលកាន់កាប់ប្រទេសអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃដែលបណ្ដាលឲ្យប្រជាជនជាង៣ លាននាក់ស្លាប់ដោយអយុត្តិធម៌ ព្រមទាំងបំផ្លាញហេដ្ឋា រចនាសម្ព័ន្ធខ្ទេចខ្ទីទៀតផង។ អ្វីដែលជាការចងចាំ និងជាមេរៀនប្រវត្តិសាស្ត្រ គឺចាំបាច់ត្រូវតែរំលឹក ដើម្បីឲ្យទាំងអស់គ្នាខិតខំទប់ស្កាត់អំពើប្រល័យពូជសាសន៍នេះកុំឲ្យកើតឡើងសាជាថ្មី៕
ដោយ៖ សូរិយា