ខេត្តកែប ៖ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែបបានអញ្ជើញសម្ពោធរូបសំណាក “ព្រាបស” ត្រង់ចំណុចផ្លូវលេខ១៣៣៥ ចូលទៅកាន់តំបន់ភ្នំវល្លិ៍។
តាមរបាយការណ៍របស់លោក ឆាង ឆៃអភិបាលនៃណ:អភិបាលស្រុក ដំណាក់ចង្អើរបានឱ្យដឹងថា រូបសំណាក “ព្រាបស” នេះជាគំនិតផ្ដួចផ្ដើមរបស់ លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងលោកស្រី ស ម៉ាលីដា។
សូមបញ្ជាក់ថា សម្រាប់ការចាប់ផ្តើមដំណើរការសាងសង់រូបសំណាកនេះគឺនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ និងបញ្ចប់ការងារសាងសង់ជាស្ថាពរនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ ដោយចំណាយថវិកាសរុប១៤,៣០០ដុល្លារគត់។
ក្នុងពិធីសម្ពោធនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ការសាងសង់រូបសំណាក “ ព្រាបស “ នៅលើទីតាំងនេះ គឺចង់បញ្ជាក់អំពីតម្លៃនិងនិមិត្តរូបនៃសន្តិភាពដែលបង្កឱកាសឱ្យយើងទាំងអស់គ្នាអភិវឌ្ឍសហគមន៍ ក៏ដូចជាប្រទេសជាតិយើងឱ្យមានការរីកចម្រើន។ លោកបានរំលឹកថា តំបន់ភ្នំវល្លិ៍នេះធ្លាប់ជាទីតាំងសមរភូមិសង្គ្រាមដ៏ក្តៅគគុក និងជាកន្លែងលាក់ខ្លួនធ្វើសកម្មភាពរបស់កងទ័ពខ្មែរក្រហម ប៉ុន្តែក្រោមនយោបាយ ឈ្នះ=ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៤ កម្លាំងទ័ពខ្មែរក្រហមបានធ្វើសមាហរណកម្មចូលរួមជាមួយរដ្ឋាភិបាល ធ្វើឱ្យភ្លើង សង្គ្រាមនៅទីតាំងនេះក៏បានរលត់ ប្រជាជនរស់នៅបានសុខសន្តិភាព ហើយបច្ចុប្បន្ន បានប្រែក្លាយជាតំបន់អភិវឌ្ឍន៍កសិកម្មដ៏មានសក្តានុពលរបស់ខេត្តកែប។
លោកបានបន្ថែមថា រូបសំណាក” ព្រាបស” ត្រដាងស្លាប នាដើមផ្លូវលេខ១៣៣៥នេះនឹងធ្វើឱ្យអ្នកដំណើរតាមផ្លូវជាតិលេខ ៣៣ ងាកមកចាប់អារម្មណ៍ទីតាំងនៃតំបន់អេកូទេសចរណ៍ និងកសិទេសចរណ៍ភ្នំវល្លិ៍ ដែលពោរពេញដោយទេសភាពដ៏ស្រស់បំព្រង ដែលគ្របដណ្តប់ទៅដោយដំណាំកសិកម្ម ព្រៃភ្នំដ៏ខៀវស្រងាត់ និងខ្យល់អាកាសបរិសុទ្ធ ហើយទៅថ្ងៃអនាគតទីតាំងនេះក៏នឹងក្លាយទៅជាតំបន់កសិឧស្សហកម្មផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់អះអាងថា លោកនឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់ភ្នំវល្លិ៍ឱ្យដូចជាសរសៃឈាម និងជាផ្នែកមួយនៃតំបន់ទេសចរណ៍របស់ខេត្តកែប ដែលភ្ញៀវទេសចរអាចមកលេងទឹកសមុទ្រ ញ៉ាំអាហារសមុទ្រដ៏មានឱជារស ហើយបន្តដើរកម្សាន្តអេកូទេសចរណ៍លើខ្នងភ្នំវល្លិ៍ និងកសិទេសចរណ៍នៃតំបន់នេះថែមទៀត៕
ដោយ៖ចន្ទ លីហ្សា