ខេត្តស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធផ្លូវ១ខ្សែ ស្រះទឹក កុដិ ដំបូលសាលាឆាន់ និងវេទិកាកិត្តិយស ដែលចំណាយថវិកាសាងសង់អស់៣៧១.៥៧០$ នៅវត្តល្ងើន ស្ថិតក្នុងភូមិព្រៃពោធិ៍ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ។
ថ្លែងក្នុងឱកាសនោះលោកស្រីឧបនាយករដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាននិងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេស។
លោកស្រីឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា សមិទ្ធផលដែលបានបានដាក់សម្ពោធក្នុងថ្ងៃនេះគឺដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រារព្ធពិធីសាសនាទៅតាមបែបប្រពៃណីរៀងៗខ្លួន ។
លោកស្រីក៏បានថ្លែងអំណរគុណ លោកស្រី ឧកញ៉ា យូ លឹម ឧកញ៉ា សួង ធឿន ព្រមទាំងក្រុមគ្រួសារ សប្បុរជនជិតឆ្ងាយដែលបានចូលរួមដោយទឹកចិត្តសប្បុរសជ្រះថ្លាកសាងផ្លូវ១ខ្សែ ស្រះទឹក និងកុដិនៅវត្តល្ងើន ស្ថិតក្នុងភូមិព្រៃពោធិ៍ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង យើងនេះ ឱ្យលេចចេញជាសមិទ្ធផលរួចរាល់ជាស្ថាពរ ហើយរៀបចំពិធីសម្ពោធឆ្លងយ៉ាងអធិកអធមនាឱកាសនេះ។
លោកស្រីកិត្តិសង្គហបណ្ឌិតបានអំពាវនាវឱ្យអាជ្ញាធរ មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ទូទាំងស្រុកស្វាយជ្រំ រួមជាមួយរដ្ឋបាលខេត្ដស្វាយរៀងបន្ដបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព ថែមទៀត ជាពិសេសត្រូវចុះឱ្យដល់មូលដ្ឋានជាក់ស្ដែង ក្ដាប់ឱ្យច្បាស់លាស់ពីកង្វះខាត សំណូមពរផ្សេងៗដែលប្រជាពលរដ្ឋនៅមូលដ្ឋានត្រូវការជាចាំបាច់ ដើម្បីរួមចំណែកកាត់បន្ថយការលំបាក ភាពក្រីក្រ និងជួយលើកកម្ពស់ ជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ ជាពិសេសត្រូវយកចិត្តទុក្ខដាក់អនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដេីម្បីបង្ការនូវការឆ្លងជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ ចូលក្នុងសហគមន៍៕
ដោយ៖ សុថាន