ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តលឿនទៅបុករថយន្តចតលើចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើងទ្រមេឃរថយន្តខ្លួនឯង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនឹងមនុស្សប្រុសស្រី ៤នាក់ទៀត បានចេញពីក្លឹបកម្សាន្តមួយកន្លែងរួចបើករថយន្តយ៉ាងលឿនមិនប្រយ័ត្ន ក៏បួងចង្កូតបត់ជ្រុលទៅបុករថយន្ត ចតស្ងៀមចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តខ្លួនឯងក្រឡាប់ផ្ងារជើងទ្រមេឃ សំណាងល្អនៅក្នុងហេតុការណ៍មិនបណ្តាលឱ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី ៧ខែមករាឆ្នាំ២០២៣ ត្រង់ចំណុចក្បែររង្វង់មូលសម្តេចសង្ឃជួនណាត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកMAZDA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-1981 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងមនុស្សប្រុសស្រី ៤នាក់ទៀត ទើបតែចេញពីក្លឹបកម្សាន្តមួយកន្លែង ដោយធ្វើដំណើរតាមបណ្តោយផ្លូវរដ្ឋសភាក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿនលុះដល់ចំណុចកើតហេតុបានបួងចង្កូតបត់ស្តាំបានជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BG-4492 ចតស្ងៀម នៅលើចិញ្ចើមផ្លូវចំពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃ សំណាងល្អមិនបណ្តាលឲ្យអ្នកបើកបរនឹងអ្នករួមធ្វើដំណើរក្នុងរថយន្តរងរបួស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ បានចុះមកដល់រួចក៏ទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែង ធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖