ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សស្លាប់​២៩​នាក់​ក្នុង​ករណី​កងកម្លាំង​សន្តិសុខ​ម៉ិចស៊ិ​ក​ ចាប់ខ្លួន​​កូនប្រុស​របស់​ស្តេចត្រាញ់​គ្រឿងញៀន​ម៉ិចស៊ិក​

ចែករំលែក៖

អន្តរជាតិ៖​ ទាហាន​១០​នាក់​និង​ឧក្រិដ្ឋជន១៩នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រតិបត្តិការ​មួយ​ដើម្បី​ចាប់ខ្លួន​កូនប្រុស​របស់​ស្តេចត្រាញ់​ជួញដូរ​គ្រឿងញៀន​ជាប់គុក ចាវ​គីន “​អែល​ឆា​ប៉ូ​” ហ្គូស្មាន់ (Joaquin “El Chapo” Guzman) ជាមួយ​នឹង​ការបាញ់ប្រហារ​ដ៏​សាហាវ​នៅ​អាកាសយានដ្ឋាន​មួយ​។​ នេះបេីយោង​តាមការបញ្ជាក់ពី​រដ្ឋាភិបាល​
ម៉ិចស៊ិក​ ដែលបាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៦​មករា​។

​​រដ្ឋាភិបាល​ម៉ិចស៊ិក​ បាននិយាយបន្ថែមថា​ ទាហាន​រាប់ពាន់​នាក់​បាន​ដណ្តើម​យក​មក​វិញ​នូវ​ទីតាំង​រឹងមាំ​របស់​ក្រុម​ជួញដូរ​គ្រឿងញៀន Sinaloa គឺ​ទីក្រុង​គូលី​យ៉ា​កាន (Culiacan) ដែល​ស្រដៀង​នឹង​តំបន់​សង្គ្រាម​បន្ទាប់​ពី​ខ្មាន់កាំភ្លើង​​ខឹងសម្បា​បាន​បន្ត​ការវាយលុក​ដើម្បី​ព្យាយាម​រំដោះ​មេ​របស់​ពួកគេ​។​

​សូមជម្រាបថា​ អូ​វី​ឌី​អូ ហ្កូស្មាន់ (Ovidio Guzman) ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​ភាគ​ពាយព្យ​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​ដឹក​តាម​យន្តហោះ​ទៅ​កាន់​ទីក្រុង​ម៉ិចស៊ីកូមុន​ពេល​ផ្ទេរ​ទៅកាន់​ពន្ធនាគារ​​អាល់​ធី​ប្លាណូ (Altiplano) ដែល​មាន​សន្តិសុខ​ខ្ពស់​នៅ​កណ្តាល​ប្រទេស​ម៉ិចស៊ិក ជា​កន្លែង​ដែល “​អែល​ឆា​ប៉ូ​” ធ្លាប់​រត់គេចខ្លួន​បានសម្រេច​។​

​បុរស​អាយុ ៣២ ឆ្នាំ​ដែល​មាន​រហស្សនាម​ថា El Raton (​អា​កណ្តុរ​) បាន​ជួយ​គ្រប់គ្រង​ប្រតិបត្តិ​ការជួញដូរ​គ្រឿង​ញៀន​របស់​ឪពុក ចាប់តាំងពី​អតីត​មេក្រុម​ជួញដូរ​គ្រឿងញៀន Sinaloa​រូប​នេះ​ត្រូវ​​បាន​ធ្វើ​បត្យាប័ន​ទៅ​សហរដ្ឋ​អាម៉េរិក​ក្នុង​ឆ្នាំ ២០១៧​។​

​លោក ល្វីស ក្រេសិ​ន​ស្យូ សានដូ​វ៉ាល់ (Luis Cresencio Sandoval) រដ្ឋមន្ត្រី​ការពារជាតិ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា៖​វរសេនីយ៍ឯក​ម្នាក់​ដែល​បញ្ជា​កងវរសេនាតូច​ថ្មើរជើង​គឺ​ស្ថិត​ក្នុង​ចំ​​ណោម​អ្នកស្លាប់ បន្ទាប់​ពី​ក្រុម​របស់​គាត់​រង​ការ​វាយឆ្មក់ ក្រោយពី​ការចាប់ខ្លួន​នេះ​។​

​ជាមួយគ្នានោះ​ ទាហាន​៣៥​នាក់​ផ្សេងទៀត​ បាន​រងរបួស​ដោ​យ​គ្រាប់កាំភ្លើង ហើយ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ខណៈ​ខ្មាន់កាំភ្លើង​២១​នាក់​ត្រូវ​ចាប់ខ្លួន​។​

​លោក​រដ្ឋមន្ត្រី​ការពារជាតិ បាន​និយាយថា យន្តហោះ​ស៊ីវិល​មួយ​គ្រឿង​ដែល​ហៀបនឹង​ហោះ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​គូលី​យ៉ា​កានក៏​ដូចជា​យន្តហោះរ​បស់​ក​ង​ទ័ព​អាកាសម៉ិចស៊ិក​ពីរ​គ្រឿង​ត្រូវ​បាន​វាយ​​ប្រហារ​ដោយ​ការបាញ់ប្រហារ​ដោយ​កាំភ្លើង ខណៈ​ដែលពួក​ជួញដូរ​គ្រឿងញៀន​បាន​ព្យាយាម​រំដោះ អូ​វី​ឌី​អូ គូ​ស្មាន់​។​

​រដ្ឋមន្ត្រី​ការពារជាតិ លោក​សានដូ​វ៉ាល់​ បាន​និយាយបន្ថែមថា យន្តហោះ​យោធា “​ត្រូវ​ចុះចត​ជាបន្ទាន់​” បន្ទាប់​ពី​រង​ការបាញ់ប្រហារ​ជា​ច្រើន​គ្រាប់​។​ ប៉ុន្តែមិន​មាន​អ្នករង​របួស​ណាមួយ​ពី​ការវាយប្រហារ​លើ​យន្តហោះ​នោះទេ ហើយកាលពី​ថ្ងៃ​សុក្រ​ទី០៦​ ខែមករា​អាកាសយានដ្ឋាន​គូលី​យ៉ា​កាន​ ក៏បាន​ដំណើរការ​ឡើងវិញ​​ផងដែរ៕ ដោយ៖ ស តារា

IMG_6141 IMG_6140 IMG_6142

រូបភាព​៖ RT


ចែករំលែក៖