ខេត្តបាត់ដំបង៖ នេះបេីយោងរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃសៅរ៍ទី០៧ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ បណ្តាលអោយមនុស្សម្នាក់ស្លាប់ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ លើផ្លូវលេខ៥៩C ចំណុចក្រុមទី១០ ភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានឱ្យដឹងនៅថ្ងៃសៅរ៍ទី០៧ ខែមករានេះថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងរថយន្ត និងម៉ូតូ ដោយរថយន្តម៉ាកហ្វូសូ(FUSO) ពណ៌បៃតង ពាក់ស្លាកលេខ កំពងចាម 3B-2573 (អ្នកបើកបររត់គេចពីកន្លែងកើតហេតុ) បានបើកក្នុងទិសដៅពីត្បូងទៅជើងលុះដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងដែលបើកបរក្នុងទិសដៅស្របទិសគ្នា បានឡើងវ៉ារថយន្តប៉ុន្តែវ៉ាមិនផុត ក៏ដួលបណ្ដាលរថយន្តកិនអ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ ។ ម៉ូតូនោះម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1P-8420 អ្នកបើកបរឈ្មោះ វឿន ចយ ភេទប្រុស អាយុ ១២ឆ្នាំ រស់នៅភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ ។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលដោយសារអ្នកបើកបរម៉ូតូឡើងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ។
បន្ទាប់ធ្វើកំណត់ហេតុរួចរាល់ សមត្ថកិច្ចបាននាំយកមធ្យោបាយជនរងគ្រោះយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តបាត់ដំបង ដើម្បីរង់ចាំដំណោះស្រាយតាមនីតីវិធី ។ ចំណែក សាកសពជនរងគ្រោះ ប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖សហការី