ភ្នំពេញ៖លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុម ការងារចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសជំរុញទី៦ បន្ទាប់ពីមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ទីតាំងដែលលោកស្រី ឱ វណ្ឌឌីន ដឹកនាំក្រុមការងារគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចុះទៅពិនិត្យនេះ គឺនៅទីតាំងព្រឹទ្ធសភា និងមន្ទីរពេទ្យបង្អែកដង្កោ។ ទីតាំងទាំងពីរនេះ ក្រៅពីការអញ្ជើញមកចាក់វ៉ាក់សាំងដូសទី៦ហើយនោះ ក៏មានមន្ដ្រីរាជការ និងប្រជាពលរដ្ឋទូទៅមកចាក់វ៉ាក់សាំងដូសផ្សេងៗនៅពេល ដែលខ្លួនដល់ថេរវេលាកំណត់ ក្នុងនោះមាន ដូសទី៤ និងដូសទី៥ ជាដើម។
ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា ការ សម្រេចរបស់សម្ដេចតេជោនៅពេលនេះគឺជារឿងដ៏ត្រឹម ត្រូវជាទីបំផុត ដោយសារយើងម្នាក់ៗច្បាស់ជាបានដឹងហើយថា ភាពស៉ាំក្នុងសរីរាង្គរបស់បុគ្គលម្នាក់ៗ ក្រោយទទួលវ៉ាក់សាំងដូសទី៣ ទី៤ និងទី៥ នៅពេលគម្លាតនៃការទទួលយកឆ្ងាយពេក ហើយមិនបានមកចាក់បន្ដទៀតនេះធ្វើឲ្យបុគ្គលម្នាក់ៗបាត់ បង់ ភាពស៉ាំក្នុងសរីរាង្គរបស់បុគ្គល។ ក្នុងករណីភាពស៉ាំ ចុះខ្សោយ អាចក្លាយ ជាបុគ្គលដែលមានហានិភ័យខ្ពស់។
លោកស្រីបានអះអាងថា បច្ចុប្បន្នវីរុសកូវីដ១៩ បានបំប្លែងខ្លួនជាបន្ដបន្ទាប់ ក៏ប៉ុន្ដែវ៉ាក់សាំងនៅតែជាឧបករណ៍ដែលមានសារៈសំខាន់ជួយការពារសរីរាង្គរបស់បុគ្គល អំពីការវាយលុកនៃពពួកវីរុសកូវីដ១៩ ពិសេសអូមីក្រុងដែលបម្លែងថ្មីនេះតែម្ដង។ ដូច្នេះបានជាគ្រប់បណ្ដាប្រទេសទាំងអស់ យកចិត្តទុកដាក់ជំរុញការចាក់វ៉ាក់សាំងដូសជំរុញតែម្ដង។ដូច្នេះការចាក់វ៉ាក់សាំងកូវីដចម្រុះជួយបង្កើនភាពស៊ាំសារពាង្គកាយបានខ្ពស់ ជាងវ៉ាក់សាំងតែមួយមុខ។
លោកស្រី ឱ វណ្ណឌីន លើកឡើងទៀតថាក្រោមការដឹក នាំរបស់សម្ដេចតេជោ ហ៊ុន សែន កំពុងតែបោះជំហានទៅរកអ្វីដែលរក្សាបាននូវភាពស៉ាំរបស់បុគ្គល និងសហគមន៍ ក្នុងករណីភាពស៉ាំធ្លាក់ចុះអស់ ដូច្នេះភាពស៉ាំសហគមន៍នឹងចុះខ្សោយ ឬអត់មានតែម្ដង ដូច្នេះវីរុសងាយនឹងលុកលុយធ្វើទុកក្នុងសរីរាង្គកាយរបស់បុគ្គល។
បើតាមលោកស្រី ឱ វណ្ណឌីន, ថ្ងៃនេះជាការចាប់ផ្ដើមនូវការផ្ដល់ដូសជំរុញទី៦ សម្រាប់អ្នកដែលបានចាក់ដូសទី ៥ ក្នុងរយៈពេល៤ ទៅ៦ខែ ហើយក៏មានការផ្ដល់នូវការចាក់ដូសទី៤ ទី៥ ដល់កុមារា កុមារីផងដែរ។ លោកស្រីបន្ដថា ដំណើរការចាក់វ៉ាក់សាំងដូសទី៦ និងដូសជំរុញផ្សេងៗទៀតនោះ គឺធ្វើឡើងនៅក្របខ័ណ្ឌទូទាំងប្រទេស មិនធ្វើនៅតែរាជធានីភ្នំពេញនោះទេ។
លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់សាធារណៈជនទាំងអស់ សូមមកទទួលយកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមការណែនាំនិងតាមសេចក្ដីជូនព័ត៌មានដែល បានចេញផ្សាយជាបន្ដបន្ទាប់។ លោកស្រីគូសបញ្ជាក់ថា រៀងរាល់ថ្ងៃ នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋមណ្ឌល សុខ ភាព គឺមានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះដូចៗគ្នា ដូច្នេះប្រជាពលរដ្ឋអញ្ជើញចាក់នៅពេលណាក៏បានដែរ ឲ្យតែខ្លួនដល់វេលាកំណត់។
ជាថ្មីម្ដងទៀតលោកស្រីរដ្ឋលេខាធិការនៅតែបន្ដអំពាវ នាវដល់ប្រជាពលរដ្ឋសូមកុំមានការរើសអើងប្រភេទវ៉ាក់សាំង ព្រោះឆ្លងកាត់ការពិសោធន៍ ហើយអង្គការ សុខភាពពិភពលោកក៏បានលើកឡើងជាបន្ដបន្ទាប់មកហើយថា ការចាក់វ៉ាក់សាំងចម្រុះ ឬខ្វែង នឹងផ្ដល់លទ្ធភាពស៉ាំក្នុងសរីរាង្គរបស់បុគ្គលបានខ្ពស់ ហើយខ្ពស់ជាងការប្រើប្រាស់ប្រភេទវ៉ាក់សាំងតែមួយទៀតផង។
សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសារសំឡេង បានណែនាំឲ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស រៀបចំដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៦ ជូនអ្នកដែលដល់វេលាកំណត់ ដើម្បីបង្កើនភាពស៉ាំសហគមន៍៕
ដោយ៖ សូរិយា